លោក ហ៊ុន ម៉ាណែត៖ កម្ពុជា​បេ្តជ្ញា​​មិន​ទុក​ឱ្យ​ពលរដ្ឋណា​​ម្នាក់រងគ្រោះ​​ដោយសារគ្រាប់មីន និងបន្ត​រំដោះឱ្យ​អស់​ផ្ទៃដី​​ដែលមានមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

សង្គម​និង​សេដ្ឋកិច្ច

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានលើកឡើង កម្ពុជាបាន​បេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះ​ដោយសារ​គ្រាប់មីន និងបន្តធ្វើការ​រំដោះឱ្យអស់ផ្ទៃដី​ដែលមានមីន និងគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដូចនេះបានធ្វឡើងនៅក្នុងពិធី​រាត្រី​ស្រមោ​សរ​​​ដើម្បី​ប្រមូល​ថវិការសម្រាប់​ជួយដល់​ការដោះមីននៅកម្ពុជា ”MBCC CHARITY GALA DINN​ER” ​សហ​ការ​រៀប​ចំដោយសភាពា​ណិជ្ជ​កម្ម​​ម៉ាទ្បេស៊ី​ប្រចាំ​កម្ពុជា(MBCC) និងអាជ្ញាធរ​មីនកម្ពុជា​(CMAA) នៅណាហ្គាវើល រាជធានី​ភ្នំពេញ កាលរសៀលថ្ងៃទី០១ ខែសី​ហា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា ដោយស្មារតីរួបរួមសាមគ្គីគ្នា កម្ពុជានឹងបន្ត​ប្រែក្លាយ​ផ្ទៃដីដែល​មានហានិភ័យឱ្យទៅជាផ្ទៃបង្កបង្កើនផល ផ្តល់នូវការអភិវឌ្ឍ និងផ្តល់ក្តីសង្ឃឹម និង​​ស្នា​មញញឹមដល់ប្រជាពលរដ្ឋ តាមរយៈ​ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដី​សុវត្ថិភាព បង្កើតស្នាមញញឹម” ក្រោមការ​ដឹកនាំ​របស់សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដោយមានការ​ចូល​រួមពី​អាជ្ញាធរមីនកម្ពុជា (CMAA) និងការគាំទ្រពីកង​យោធ​ពល​ខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមក្នុងសកម្មភាពសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជា​សូន្យមីនក្នុង ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ឯក បន្ថែមថា តាមរយៈនយោបាយឈ្នះឈ្នះ​កម្ពុជាបានវិវឌ្ឍប្រែក្លាយ​ពីប្រទេស​ដែល​​​ជោគជាំ​ដោយ​ស្លាកស្នាមសង្គ្រាម ទៅជាប្រទេសមួយ​ក្នុង​ចំណោមប្រទេសដែលមានការអភិវឌ្ឍ​សេដ្ឋកិច្ច​ឆាប់រហ័ស ហើយ​ជោគ​ជ័យ​នេះសម្រេច​ទៅបានដោយកិច្ចខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេស​ក្រោម​ចក្ខុវិ​ស័យ​​ដ៏​ឈ្លាសវៃរបស់ សម្តេចតេជោ ព្រមជាមួយនឹងការ​ចូលរួម​យ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន​ទូទាំងប្រទេស។ មក​​ទល់ពេលនេះ កម្ពុជាមានសុខសន្តិភាពពេញ​លេញ មិនមានការស្លាប់​បាត់បង់ជីវិតដោយសារសង្គ្រាម តែកាក​សំណល់​សង្គ្រាម និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ នៅតែជាឃាតករលាក់មុខតាម​យាយី​ ឆក់​យកអាយុជីវិត អវយវៈ និងឱកាស​របស់ប្រជាពល​រដ្ឋពី​ការ​ចូលរួម​ពេញលេញក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសភាពាណិជ្ចកម្ម និងធុរជនម៉ាទ្បេស៊ី​នៅកម្ពុជា ចំពោះទឹកចិត្ត​សប្បុរសធម៌ មនុស្ស​ធម៌ ក្នុង​ការ​ចូលរួមគាំទ្រដល់​សកម្មភាព​សម្អាត​មីននៅ​កម្ពុជា។

គួរបញ្ជាក់ថា ចាប់តាំពីឆ្នាំ១៩៩២ មកដល់ខែឧសភា ឆ្នាំ២០២២ ប្រទេសកម្ពុជាបានរំដោះដីដែល​មានមីន​ទំហំ ២.៤១០,២៥ គីទ្បូម៉ែត្រការ៉េ សម្រាប់ប្រើប្រាស់ជាដីកសិកម្ម និងបានរកឃើញនិង​បំផ្លាញចោលនូវមីនប្រឆាំងមនុស្សចំនួន ១.១៤០.​៧៩៤ គ្រាប់ និងមីនប្រឆាំងរថក្រោះចំនួន ២៦.០៤៣ គ្រាប់ ព្រមទាំងសំណល់ជាតិផ្ទុះក្រោយសង្គ្រាមចំនួន ៣.០០៣.៨៣៥ គ្រាប់ផ្សេងទៀត ដោយផ្តល់អត្ថប្រយោជន៏ដល់ពលរដ្ឋចំនួន ៧.៣៦៣.៣៤៤ នាក់ សើ្មនឹង ៣.៣៦៤.៣៨៧ គ្រួសារ៕