រដ្ឋមន្រ្តីសេដ្ឋកិច្ច  ផ្តល់អនុសាសន៍១០ចំនុច ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានប្រកាសដាក់ចេញយន្តការអនុវត្តការងារ និងផែនការសកម្មភាពគន្លឹះសំខាន់ៗ ដែលចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិបង្កើនការមកទស្សនាខេត្តសៀមរាបឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងការប្រកាសដាក់ឱ្យអនុវត្ត «ផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២២-២០២៣» នេះ ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១. ក្រសួង-ស្ថាប័នពាក់ព័ន្ធចំណុះឱ្យយន្តការនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ចូលរួមអនុវត្តតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាឱកាសពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

ទី២. បន្តអភិវឌ្ឍកំពង់ផែចុងឃ្នាស ឱ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ និងត្រូវសិក្សារៀបចំប្លង់ និងផែនការអភិវឌ្ឍន៍កំពង់ផែចុងឃ្នាស សម្រាប់រយៈពេលខ្លី មធ្យម និងវែង។

កំពង់ផែចុងឃ្នាស

ទី៣. ក្រសួងទេសចរណ៍ត្រូវសិក្សា កំណត់ទីតាំង និងអភិវឌ្ឍតំបន់ទេសចរណ៍សៀមរាបថ្មី។

ទី៤. គណៈប្រតិបត្តិត្រូវរៀបចំគម្រោងថវិកាសម្រាប់ ឆ្នាំ ២០២២-២០២៣ ដើម្បីជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច។

ទី៥. អនុគណៈកម្មការទាំង៥ ដែលទើបត្រូវបានបង្កើតឡើង ត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួន និងសហការជាមួយលេខាធិការដ្ឋាន ដើម្បីអនុវត្តផែនការសកម្មភាពរបស់ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

ទី៦. លេខាធិការដ្ឋានត្រូវរៀបចំវគ្គបណ្តុះបណ្តាលអំពី ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥ ដល់ភាគីពាក់ព័ន្ធ ពិសេសអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន និងសហគមន៍ពាក់ព័ន្ធ។

ទី៧. អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍នៃគណៈប្រតិបត្តិ ត្រូវពិភាក្សា និងសហការជាមួយរដ្ឋបាលខេត្ត និងវិស័យឯកជនក្នុងខេត្តសៀមរាប ដើម្បីរៀបចំជាបន្ទាន់ នូវយុទ្ធសាស្ត្រផ្សព្វផ្សាយ សម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាបដោយឡែកមួយ ឱ្យបានរហ័សស្របតាមមាគ៌ាចង្អុលផ្លូវដែលបានកំណត់ក្នុង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

ទី៨. បន្តពង្រឹងលក្ខណសម្បត្តិរបស់ខេត្តសៀមរាបក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទី៩. បន្តពង្រឹងគុណភាព និងវិសាលភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិត នៅខេត្តសៀមរាប ពិសេសនៅតាមតំបន់អាទិភាព និងគោលដៅទេសចរណ៍ដាច់ស្រយាល ដើម្បីជំរុញរំហូរទេសចរជាតិ និងទាក់ទាញទេសចរអន្តរជាតិបន្ថែម។

ទី១០. គ្រឹះស្ថានអង្គរបន្តសិក្សា និងដាក់ចេញគោលនយោបាយសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

និងទី១១. គណៈប្រតិបត្តិ ត្រូវសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញកញ្ចប់ទស្សនកិច្ចពិសេស ដែលមានការសម្រួលថ្លៃ និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣។

សូមជម្រាបដែរថា ខេត្តសៀមរាបនឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនឹងកើនដល់ប្រមាណ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ដោយនឹងស្រូបយក១/៤នៃភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ខណៈដែលភ្ញៀវទេសចរផ្ទៃក្នុងជាង២លាននាក់នឹងមកទស្សនាខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ៤លាននាក់នៅក្នុងឆ្នាំ២០២៣៕នេះបើតាមឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាអនុប្រធានប្រចាំការនៃ គណៈប្រតិបត្តិ នៃគ.អ.ទ.ស.ថ្លែងឲ្យដឹងក្នុងកម្មវិធីខាងលើនេះ៕