សម្តេច ហ៊ុន សែន៖ អតិផរណាខ្ពស់ ក៏បាននឹងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងមកលើប្រជាជនកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

«អតិផរណាខ្ពស់ ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើង»។ នេះជាការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ នាព្រឹកថ្ងៃទី១៨ សីហា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណ៍ដែលសម្ដេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់យ៉ាងដូច្នេះ ស្របពេលបញ្ហាប្រឈមជាសាកលដែលកំពុងកើតមានឡើងគួរឲ្យព្រួយបារម្មណ៍ ខណៈជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ។

បើតាមសម្តេចតេជោ បញ្ហាប្រឈមទាំងអស់នេះអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល ជាក់ស្តែង ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្ដដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណាដែលការណ៍នេះអាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ។

សម្តេចបន្តថា អតិផរណាខ្ពស់ ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាផងដែរ។

យ៉ាងណា សម្រាប់សម្ដេចតេជោ ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និង ពិបាកប៉ាន់ប្រមាណនេះ ត្រូវការជាចាំបាច់នូវកិច្ចសហ-ប្រតិបត្តិការ និង ការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់ និងលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និង សុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុតប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សម្ដេចតេជោ បានលើកឡើងថា ក្នុងនាម ជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២ នេះ កម្ពុជានឹងខិតខំពង្រឹងសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ានក៏ដូចជារវាង អាស៊ាន-សហភាពអឺរ៉ុប និង រវាងអាស៊ាន-អេស្ប៉ាញ ផងដែរ៕