យីហោសម្លៀកបំពាក់ផលិតដោយដៃខ្មែរ« តស៊ូ» កំពុងទទួលបានការគាំទ្រខ្លាំងពីប្រទេសអូស្រ្តាលី

សង្គម​និង​សេដ្ឋកិច្ច

កាលពីសប្តាហ៍មុន ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Kang បានទៅស្ទូឌីយោសម្លៀកបំពាក់យីហោ តស៊ូ Dorsu ដែលមានទីតាំងនៅទីក្រុងភ្នំពេញ កំពុងទទួលបានការគាំទ្រខ្លាំងពីប្រទេសអូស្រ្តាលី។ នេះបើស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែសីហា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យីហោសម្លៀកបំពាក់ តស៊ូ គឺជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ ១០០% និងជាយីហោសម្លៀកបំពាក់ប្រកបដោយនិរន្តរភាព និងសីលធម៌ដំបូងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានដាក់លក់នៅហាងទំនិញ Myer ក្នុងប្រទេសអូស្ត្រាលី។ ក្រុមហ៊ុនសម្លៀកបំពាក់យីហោ តស៊ូ ក៏បានផ្គត់ផ្គង់សម្លៀកបំពាក់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់អូស្ត្រាលី ដែលមានថាឈ្មោះ Atlassian អស់រយៈពេលជាច្រើនឆ្នាំផងដែរ។

ស្ថានទូតអូស្រ្តាលីបានបន្តថា«យើងមានស្ទូឌីយោសម្លៀកបំពាក់សម្រាប់លក់រាយតូចមួយនៅភ្នំពេញ ដែលការផលិតសម្លៀកបំពាក់របស់យើងធ្វើឡើងនៅខេត្តកំពត និងទទួលការបញ្ជាទិញតាមប្រព័ន្ធអ៊ីនធឺណិតពីទីតាំងចែកចាយធំរបស់យើងនៅឯទីក្រុង Torquay (ប្រទេសអូស្ត្រាលី)»។

ការរចនាសម្លៀកបំពាក់ផលិតពីក្រណាត់សាច់អំបោះរបស់ តស៊ូ ត្រូវបានផលិតចេញពីក្រណាត់ដែលនៅសេសសល់ពីឧស្សាហកម្មកាត់ដេរធំៗនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនសម្លៀកបំពាក់យីហោ តស៊ូ មិនប្រើសារធាតុគីមីពុលក្នុងការផលិតទេ ហើយស្ទូឌីយោផលិតកម្មដំណើរការជាចម្បងផ្អែកលើទឹកភ្លៀងដែលរក្សាទុកក្នុងធុង។នេះបើតាមការបញ្ជាក់បន្ថែមពីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនសម្លៀកបំពាក់យីហោ «តស៊ូ»នេះ ក៏បានបង្ហាញក្តីជឿជាក់ថា ការផលិតសម្លៀកបំពាក់គួរតែទទួលជ្រើសរើស និងគាំទ្របុគ្គលិកដោយផ្តល់នូវលក្ខខណ្ឌការងារសមរម្យ។

ជាមួយនឹងក្រុមការងារផ្នែកគ្រប់គ្រងដែលមានជនជាតិខ្មែរ ៨០% និងមានស្ត្រី ៨០% ក្រុមហ៊ុនសម្លៀកបំពាក់យីហោ តស៊ូ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វប្បធម៌នៃភាពចម្រុះ សមធម៌ ប្រកបដោយបរិយាបន្ន។ លក្ខខណ្ឌការងាររបស់ពួកគេរួមមាន៖ ធ្វើការ ៤០ម៉ោង ក្នុងមួយសប្តាហ៍ ប្រាក់ឈ្នួលសមរម្យ កិច្ចសន្យាធានា ការបណ្តុះបណ្តាលទាក់ទងនឹងសុវត្ថិភាព និងច្បាប់ឈប់សម្រាកការងារផ្សេងៗ រួមទាំងការឈប់សម្រាកលំហែមាតុភាពថែមទៀត៕ អត្ថបទ៖ រង្សី