លោក អូន ព័ន្ធមុនីរ័ត្ន មានតួនាទីដ៏ចម្បងដឹកនាំក្រសួងសេដ្ឋកិច្ច ក្នុង​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសមធម៌​សង្គម

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ដឹកនាំដោយផ្ទាល់ ដែលមានមុខ​ងារ​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ដើម្បីដឹកនាំ​បេសកកម្ម​ និង​គ្រប់គ្រង​លើ​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកតម្កើនជីវភាព​ប្រជាជន ដោយ​ឈរ​លើ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ និង​សមធម៌​សង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសេដ្ឋកិច្ច មានតួនាទីដ៏ចម្បងមួយគឺ ការបង្កើតគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិទាំងមូល។ តួនាទីមួយនេះក៏រួមបញ្ចូលនូវ ការរៀបចំផែនការចំណូល ចំណាយរដ្ឋ និងការបង្កើតឡើងនូវបទបញ្ញត្តិនានាសម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិទាំងមូល ដូចជា ស្ថាប័នហិរញ្ញវត្ថុ ទីផ្សារហិញ្ញវត្ថុ ឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបំពេញមុខ​ងារ​ជា​បេឡាករ ​និង​គណនេយ្យករ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​គោលការណ៍ និង​បទបញ្ជា​គណនេយ្យករ​សាធារណៈ។​​

មិនត្រឹមតែបង្កើត និងអនុវត្តគោលនយោបាយប៉ុណ្ណោះទេ ក្រសួងក៏មានតួនាទីកែសម្រួលការអនុវត្តុប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ ឧទាហរណ៍ ករណីមាន អតិផរណា ឬបដិផរណា ឬនៅពេលមានវិបត្តិសេដ្ឋកិច្ចណាមួយ ដែលតម្រូវឲ្យមានការអន្តរាគម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីលើនេះ ក្រសួងសេដ្ឋកិច្ច ក៏មានតួនាទីក្នុងការវិភាគ ​និងតាមដានស្ថានភាព​សេដ្ឋកិច្ចទាំងមូល​ទាំងក្នុងរយៈពេល​ខ្លី មធ្យម និង​​វែង ដោយតាមដានពីស្ថានភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុជាតិ ឈ្វេងយល់ពីហានិភ័យដែលអាចនឹងកើតមានឡើងចំពោះគ្រឹះស្ថានហិរញ្ញវត្ថុជាដើម។

បន្ថែមពីនេះទៀត ក្រសួងសេដ្ឋកិច្ច បានចូលរួមក្នុងការ​បែងចែកនូវ​ផលទុនជាតិ តាមរយៈការប្រមូល​ចំណូល បែកចែកចំណាយ​ ដោយត្រួតពិនិត្យ​​កិច្ចការ​លទ្ធកម្ម​សាធារណៈ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ​នៃ​បណ្ដា​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាស​សាធារណៈ គ្រឹះ​ស្ថាន​សាធារណៈរដ្ឋ​បាល អង្គភាព​រដ្ឋ​ជាដើម។

បេសកកម្ម និងមុខងារ​ភារកិច្ចទាំងអស់បានធ្វើ​ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចអនុវត្តការងាររបស់ខ្លួនកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយចូលរួម​ដោយពេញសមត្ថភាពរបស់ខ្លួនក្នុងការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​លើ​កិច្ចការ​សហប្រតិបត្តិការទាំងជាតិ និងអន្ដរជាតិ៕