ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ កើនឡើង១០ភាគរយ ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសថៃ បានកើនឡើង ១០% ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ខណៈវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើនផងដែរ។ នេះបើតាមការលើកឡើងរបស់លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ក្នុងឳកាសចូលជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព បន្ទាប់ពីបញ្ចប់បេសកកម្មការងារ នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ បានបន្តថា កាលពីឆ្នាំ២០១៨ ពេលទើបមកបំពេញបេសកកម្មការទូតនៅកម្ពុជា លោក បានប្ដេជ្ញាជូនសម្ដេចតេជោថា និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនង រវាងប្រទេសកម្ពុជានិងថៃ ឲ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់ ហើយនៅពេលនេះ គឺបានសម្រេចតាមការប្ដេជ្ញាហើយ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានថ្លែងអំណរគុណជូនចំពោះលោក ពុលថាប់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូតនាំឲ្យប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង។

សម្ដេចតេជោ បានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ-១៩ ក៏ដោយ កម្ពុជានិងថៃបានខិតខំរួមគ្នាធ្វើការបានល្អ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អជាទីមោទនៈ៕