លោក ជា សុផារ៉ា អញ្ជើញសម្ពោធកីឡដ្ឋានខេត្តកំពង់ស្ពឺ តម្លៃ២លានដុល្លារ កម្រិតស្តង់ដារអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹក​​​ថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២​នេះ លោក​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធីសម្ពោធដាក់ឱ្យ​​ប្រេីប្រាស់ជាផ្លូវការ «កីឡដ្ឋានខេត្តកំពង់ស្ពឺ» ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃ​ដី​ប្រមាណ ៤​ហិកតា​​ តាមលក្ខណៈបច្ចេកទេស​ស្តង់ដារ​អន្តរជាតិ និងជា​គំនិត​ផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​​ខេត្ត​​កំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹក​នាំ​ខេត្តកំពង់ស្ពឺ និងមាន​ការ​គាំទ្រយ៉ាងពេញទំហឹងពីគម្រោង​ណា​ហ្គាវើលបេះដូងសប្បុរស​ រួមទាំងពី​សំណាក់​សប្បុរសជន​នានាដទៃ​ទៀត ដែល​មាន​តម្លៃ​ប្រមាណ ២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក ហ៊ុន ម៉ានី ​​​​​ធ្លាប់​បាន​លើក​ឡើង​ ​កាល​ពី​ខែមករា ឆ្នាំ២០២២ កន្លង​ទៅ​ថា ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ​​បាន​តំឡើង​បង្គោល​ភ្លើង ជាមួយ​នឹង​សកម្មភាព​សាងសង់​ផ្សេង​ទៀត ​ស្រប​តាម​ប្រព័ន្ធ​បច្ចេកទេស​កម្រិត​ស្តង់ដារ​ខ្ពស់។ លោក​បាន​បញ្ជាក់​ថា៖ “កីឡដ្ឋានខេត្តកំពង់ស្ពឺ គឺជាក្តីសង្ឃឹមថ្មីមួយទៀត​នៃវិស័យកីឡា​របស់ខេត្តកំពង់ស្ពឺ ជាពិសេសជាការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣”។

​លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋ​ជាពិសេសក្មួយៗ​ ដែល​ស្រឡាញ់វិស័យកីឡាបាល់ទាត់​បានត្រៀមខ្លួន ដើម្បីទទួលយកសមទ្ធិផលថ្មីមួយនេះ និង​ជួយ​លើកស្ទួយ​វិស័យ​កីឡារបស់យើង ឱ្យកាន់តែរីក​ចម្រើន​បន្ថែមទៀត៕