សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យតំបន់អាស៊ានបន្តធ្វើ​សមា​​ហរណកម្មសេដ្ឋកិច្ចប្រែក្លាយតំបន់ ទៅជាមជ្ឈ​មណ្ឌល​ពា​​ណិជ្ជកម្ម និងការវិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បាន​ ជំរុញ​ឲ្យតំបន់អាស៊ាន​ត្រូវ​​បន្តធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ាន​ឱ្យទៅជា​មជ្ឈម​ណ្ឌល​​ពាណិជ្ជកម្ម និងការវិនិយោគ​ប្រកប​ដោយ​​​ភាពទាក់ទាញ ជាពិសេសតាមរយៈការដោះ​​ស្រា​យ​បញ្ហា​របាំងពន្ធ និងមិនមែនពន្ធ និងការផ្ដល់នូវការ​គាំទ្រ​ឱ្យគ្នា​ទៅ​វិញទៅមក ដើម្បីពន្លឿនការ អនុវត្ត និង​ទាញ​យកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ដើម្បី​សម្រេច​បាននូវ​ការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើងនៅក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូ​អាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២២។

ដើម្បីជាធាតុចូលបន្ថែម សម្រាប់កិច្ចពិភាក្សាក្នុងវេទិកា សម្តេចតេជោ ហ៊ុន សែន បានចូល​រួម​ផ្តល់​យោបល់ដល់ អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅ បំពេញ​​រាល់តម្រូវការចាំបាច់របស់ប្រជាជន និង​ធានាការទទួលបាននូវផល ប្រយោជន៍ប្រកប​ដោយ​បរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​យុទ្ធសាស្ត្រ, ការពង្រឹង សហគ្រិនភាព និងផ្ដល់ការ​គាំទ្រដល់សហគ្រាសធុនមីក្រូ តូចនិងមធ្យម, ការពង្រឹងវិស័យអប់រំ, សុខាភិបាល និងកិច្ចគាំ​​ពារសង្គម, ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ, ការ​បង្កើត​​ការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង ជាដើម។

គួរបញ្ជាក់ថា វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ដែលធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ ក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័ស​របស់​​អា​ស៊ាន​​» ដោយមានការអញ្ជើញចូល​​រួម​ពី​ឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុម​ហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវ​ជ្រាវ និងតំណាងអង្គទូតនានា។

វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធ​សាស្ត្រ​​ដើម្បីអាស៊ី-ប៉ាស៊ី​ហ្វិក​ (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា៕