លោក ជា ចាន់តូ៖ វិស័យSME តែងជួបបញ្ហាប្រឈមជាច្រើន ពិសេសការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំនាញ លើកឡើងថា សហគ្រាសខ្នាតតូច និងមធ្យម គឺជាវិស័យស្នូលដ៏សំខាន់មួយក្នុងការទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែ វិស័យនេះ នៅជួបបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូចនិងមធ្យមសកលប្រចាំឆ្នាំ២០២២ កាលពីថ្ងៃទី២១ កញ្ញាម្សិលមិញ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានបញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

លោកថា ទន្ទឹមនឹងសារៈសំខាន់នេះ សហគ្រាសធុនតូចនិងមធ្យមតែងជួបបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាប្រឈមចម្បងជាងគេគឺការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។

ជាមួយគ្នានេះ លោកក៏លើកឡើងពីនិន្នាការសកលទាក់ទងនឹងការវិវត្តនូវបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងក្លាយជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម។ ជាក់ស្តែង ការអភិវឌ្ឍយ៉ាងជោគជ័យនៃប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា បានសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទូទៅ និងអាជីវកម្មខ្នាតតូចនៅកម្ពុជា តាមរយៈការផ្តល់សេវាទូទាត់ងាយស្រួល ឆាប់រហ័ស មានសុវត្ថិភាពខ្ពស់ និងចំណាយទាប ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមជាច្រើននៅកម្ពុជា បន្តសកម្មភាពអាជីវកម្មជាប្រក្រតី ទោះបីអំឡុងពេលមានការរាលដាលជំងឺកូវីដ-១៩ ក៏ដោយ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញរបាយការណ៍ថា សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩៩% នៃសហគ្រាសសរុប ដែលបានរួមចំណែកជិត៦០% នៃផលិតផលក្នុងស្រុក និងបង្កើតការងារជាង៧០% នៃកម្លាំងពលកម្ម។ ក៏ប៉ុន្តែ វិស័យ SME នៅកម្ពុជា បច្ចុប្បន្ន ហាក់នៅមានកម្រិត និងមានបញ្ហាប្រឈមជាច្រើន ដែលអាចជាឧបសគ្គក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក៏ថាបាន៕