តម្លៃ​ជ្រូក​រដូវ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ បើ​ធៀប​នឹង​ឆ្នាំ​មុន

សង្គម​និង​សេដ្ឋកិច្ច

កសិករ​ចិញ្ចឹម​ជ្រូក​ប្រមាណ​ជា​ង​ ៣ ខេត្ត​ បាន​លើក​ឡើង​ពី​តម្លៃ​ជ្រូក​រ​ស់​នា​រដូវ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ មាន​ការ​ធ្លាក់​ចុះ​តម្លៃ​គួរ​ឲ្យ​កត់​សម្គាល់​ បើ​ធៀប​នឹង​ឆ្នាំ​មុន​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​ស្រី​ លី ស៊ី​ណា​ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខ្នាត​តូច​ រស់​នៅ​ក្នុង​ ឃុំ​ អន្សា​ចំបក់​ ស្រុក​ ក្រគរ​ ខេត្ត​ ពោធិ៍សាត់​ បាន​ឲ្យ​ឧក​ញ៉ា​ញូស៍​ ដឹង​ថា​ តម្លៃ​ជ្រូក​រដូវ​ភ្ជុំ​បិណ្ឌ​​ឆ្នាំ​នេះ​មាន​ការ​ធ្លាក់​ចុះ​ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​ទៅ​ ពោល​គឺ​ ភ្ជុំ​បិណ្ឌ​ឆ្នាំ​មុន​ លក់​បាន​តម្លៃ​ ១១៥០០ រៀល ក្នុង​មួយ​គីឡូ​ក្រាម​ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ១០៥០០ រៀល ដោយ​ឡែក​ ភ្ជុំ​ឆ្នាំ​នេះ​ បាន​តម្លៃ​ត្រឹម​តែ​ ៩០០០ រៀល​ ក្នុង​មួយ​គីឡូ​ក្រាម​ ប៉ុណ្ណោះ។

អ្នក​ស្រី​ បាន​បន្ត​ថា​ ការ​ចិញ្ចឹម​ជ្រូក​ពិត​ជា​ចំណាយ​ច្រើន​ទៅ​លើ​ចំណី​ កន្ទក់​ ជា​ដើម​ ដែល​បច្ចុប្បន្ន​ ជ្រូក​អ្នក​ស្រី​ មាន​ចំនួន​ ១២ ក្បាល ដោយ​ក្នុង​រយៈ​ពេល​ ៣ ខែ អ្នក​ស្រី​ត្រូវ​ចំណាយ​ទៅ​លើ​ចំណី​ប្រមាណ​ ៣០ បេ (ក្នុង​មួយ​បេ​មាន​តម្លៃ​ ៨៥០០០ រៀល​ ) បើ​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រមាណ​ ២ ៥៥​០០ ០០ រៀល ។ ចំណែក​ ឯ​កន្ទក់​ ក្នុង​​មួយ​ថ្ងៃ​ចំណាយ​ ប្រមាណ​ ២០ គីឡូក្រាម​ រយៈ​ពេល​ ៣ ខែ ចំណាយ​អស់ ១ ៨០០០ គីឡូក្រាម​ ( ១០០០ រៀល​ ក្នុង​មួយ​គីឡូ​ក្រាម ) គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ ១ ៨០ ០០ ០០ រៀល​ ។ មិន​តែ​ប៉ុណ្ណោះ​ ក៏​មាន​ការ​ចំណាយ​ទៅ​លើ​ បាយ​ស្រា​ ថ្នាំ​សង្កូវ​ វ៉ាក់​សាំង​ កម្លាំង​ ពេល​វេលា​នៃ​ការ​មើល​ថែ​ផង​ដែរ​ បើ​ខែ​ប្រាំង​ ក្តៅ​ អណ្តូង​រីង​ទឹក​ ត្រូវ​ចំណាយ​ការ​ទិញ​ទឹក​មក​ផ្គត់​ផ្គង់​ជ្រូក​បន្ថែម​ទៀត​ ។

កសិករ​វ័យ​ ៥០ ឆ្នាំ​ ប្លាយ​រូប​នេះ​ បន្ត​ទាំង​ទឹក​មុខ​ស្មើ​ថា​ បើ​បែង​ចែក​ ទៅ​លើ​ការ​ចំណាយ​ និង ការ​ប្រមូល​ផល​ គឺ​មាន​ការ​ចំណេញ​តិច​តួច​បំផុត​ សម្រាប់​អ្នក​ស្រី​ ព្រោះ​ តម្លៃ​កូន​ជ្រូក​ ចំណី​ កន្ទក់​ …កាន់​តែ​ឡើង​ ចំណែក​តម្លៃ​លក់​ចេញ​កាន់​តែ​ធ្លាក់​ ។

ចំណែក​ឯ​ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខ្នាត​តូច​នៅ​ ស្រុក អន្លង់​វែង​ ខេត្ត​ ឧត្តរ​មាន​ជ័យ​ លោក គាត​ ដារិន​ បាន​ឲ្យ​ដឹង​ថា​ តម្លៃ​ជ្រូក​រស់​ខាង​លោក​ លក់​ចេញ​បាន​តម្លៃ​ត្រឹម​តែ​ ៩០០០ រៀល ក្នុង​មួយ​គីឡូក្រាម​ ប៉ុណ្ណោះ​ បើ​ឆ្នាំ​មុន​ ១០៥០០ រៀល ក្នុង​មួយ​គីឡូ​ ។

រី​ឯ​ អ្នក​ស្រី​ គី​ គីម​ ជា​អាជី​វករ​ កាប់​សាច់​ជ្រូក​លក់​នៅ​លើ​ទី​ផ្សា​បាន​ឲ្យ​ដឹង​ថា​ តម្លៃ​សាច់​ដែល​ដាក់​លក់​នៅ​លើ​ទី​ផ្សា​ មុន និង​ ថ្ងៃ​បុណ្យ​ភ្ជុំ​គឺ​មិន​មាន​ការ​ឡើង​ថ្លៃ​ទេ​ ពោល​គឺ​តម្លៃ​ថេរ​ សាច់​ដុំ​ ២២០០០ រៀល​ ក្នុង​មួយ​គីឡូ​ក្រាម សាច់​បី​ជាន់​ ២០០០០រៀល​ ក្នុង​មួយ​គីឡូក្រាម​ ។

ជា​មួយ​គ្នា​នោះ​ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក៏​មាន​ការ​សំណូម​ និង​ មាន​ការ​ស្នើ​សុំ​ តម្លៃ​ត្រឹម​តែ​ យ៉ាង​ហោច​ ១២៥០០ រៀល ក្នុង​មួយ​គីឡូ​ក្រាម​ ដែល​ជា​ការ​សមាមាត្រ​ទៅ​នឹង​ការ​ចំណាយ​ ។

គួរ​ឲ្យ​ដឹង​ថា​ កសិករ​ដែល​ចិញ្ចឹម​ជ្រូក​លើក​ឡើង​ពី​តម្លៃ​ធ្លាក់​ចុះ​តាម​បណ្តា​ខេត្ត​ រួម​មាន​ ៖ ខេត្ត ពោធិ៍សាត់ ៩០០០ រៀល / ១គីឡូក្រាម ឧត្តរមានជ័យ​ ៩០០០ រៀល/១គីឡូ សៀម​រាប ៨៥០០ រៀល/១គីឡូ រួម​ទាំង​ ខេត្ត​ផ្សេង​ៗទៀត​ផង​ដែរ​ ៕