កម្ពុជា ស្នើកូរ៉េឱ្យនាំវិនិយោគិនមកបណ្តាក់ទុនលើវិស័យវាយនភ័ណ្ឌ

សង្គម​និង​សេដ្ឋកិច្ច

អភិបាលរាជធានីភ្នំពេញបានស្នើសុំឱ្យភាគីកូរ៉េ ពិនិត្យ និងពិចារណាបន្តជួយជម្រុញពាណិជ្ជករកូរ៉េ មកបណ្តាក់ទុនវិនិយោគនៅរាជធានីភ្នំពេញឱ្យបានកាន់តែច្រើនថែមទៀត ក៏ដូចជាការបង្កើតរោងចក្រផ្នែកឧស្សាហកម្ម សិប្បកម្មវាយនភណ្ឌកាត់ដេរ ដើម្បីផ្តល់ឱកាសការងារដល់ពលករក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជូ ណាកយុំាង(Joo Nak-young) អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៨ ខែតុលាម្សិលមិញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រទេសកម្ពុជាមានសន្តិភាពពេញបរិបូរ ហើយប្រជាពលរដ្ឋកម្ពុជាក៏ជាអ្នកមានស្នាដៃច្រើនក្នុងការងារលើវិស័យវាយនភ័ណ្ឌ ធៀបកាលពីឆ្នាំ១៩៩០។ ដូច្នេះលោកស្នើសុំតាមរយៈលោក Joo Nak-young អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ ជួយចលនាអ្នកវិនិយោគជនជាតិកូរ៉េ ឱ្យមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឱ្យបានច្រើន។

លោកបន្តថា ចំពោះការវិនិយោគលើវិស័យវាយនភ័ណ្ឌ រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុគ្រោះពន្ធផងដែរ នេះពិតជាបានបង្កលក្ខណៈងាយស្រួលឱ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅស្រុកខ្មែរកាន់តែច្រើន។

នៅក្នុងជំនួបនេះ លោក Joo Nak-young បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការស្នើឡើងរបស់លោក ឃួង ស្រេង ដោយបញ្ជាក់ថា នឹងធ្វើការអំពាវនាវ ក៏ដូចជាការកៀរគរអ្នកវិនិយោគជនជាតិកូរ៉េពីទីក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជានៅទីក្រុងផ្សេងទៀតឱ្យមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅរាជធានីភ្នំពេញឱ្យបានកាន់តែច្រើន ធ្វើយ៉ាងណាឱ្យទីក្រុងទាំង២ ប្រទេសទាំង២ កម្ពុជា-កូរ៉េ កាន់តែមានទំនាក់ទំនង កិច្ចសហប្រតិបត្តការគ្នាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕