អ្នកឧកញ៉ា គិត ម៉េង ដឹកនាំធុរជនឆ្នើមៗចូលរួម “វេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់” ស្វែងរកឱកាសធ្វើអាជីវកម្ម និងការវិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានចូលរួមដឹកនាំ សហគ្រិនកម្ពុជា និងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម  អញ្ជើញចូលរួមជាអធិបតី ជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្រៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Business Forum) នៅឯទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីស្វែងរកឱកាសធ្វើអាជីវកម្ម និងការវិនិយោគ។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងវេទិកានោះ អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា វេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នាពេលនេះ បានរៀបចំឡើងចំពេលដ៏ត្រឹមត្រូវនៃការចាប់ផ្តើមការចរចារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងពាណិជ្ជកម្មឌីជីថល ព្រមទាំងនឹងផ្តល់នូវការយល់ដឹងអំពីវិស័យសក្តានុពល និងកាលានុវត្តភាពនៅកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ផងដែរ។

ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានជំរុញឱ្យធុរជនទាំងអស់ ចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងការវិនិយោគអាស៊ាន ដែលនឹងធ្វើឡើងចាប់ពីនៅថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែច្រើន។

គួរបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ ដែលញ៉ាំងឱ្យកម្ពុជាបន្តសិ្ថតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង។ ជាក់ស្ដែងទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អារ៉ាប់រួម ក្នុងរយៈពេលប្រាំបីខែដំបូងនៃ ឆ្នាំ២០២២ បានកើនឡើងដល់ជិត ២៨០លានដុល្លារអាមេរិក កើនឡើងជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម៕