ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ានភ្លាម សម្តេចតេជោ ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំ G20 & APEC

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​​នឹង​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល G20 ​នៅ​​កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី និង​​ចូល​រួម​កិច្ច​សន្ទនា​ក្រៅ​ផ្លូវការ​របស់​មេដឹកនាំ​ APEC នៅ​ទីក្រុង​បាង​កក ប្រទេស​ថៃ ​​បន្ទាប់ពី​​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ឆ្នាំ២០២២ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ ​​នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បាន​ឱ្យ​ដឹង​ថា ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ព្រម​ទាំង​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយ​ចំនួន ​​នឹង​អញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​កំពូល​ G20 ដែល​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃទី​១៥-១៦ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅ​កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី។ បន្ទាប់មក សម្តេចតេជោ ​ក្នុង​ឋានៈ​ជា​ភ្ញៀវ​របស់​ប្រធាន​កិច្ច​ប្រជុំ​កំពូល នឹង​អញ្ជើញ​ចូល​រួម​ក្នុង កិច្ច​សន្ទនា​ក្រៅ​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ APEC ជាមួយ​ភ្ញៀវ នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅ​ទីក្រុង​បាងកក តប​តាម​ការ​អញ្ជើញ​របស់​លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​ថៃ។

គួរ​បញ្ជាក់​ថា ​​កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​​ ឆ្នាំ​២០២២ ​​បាន​និង​កំពុង​រៀប​ចំ​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន លើក​ទី​៤០ និង​លើក​ទី​៤១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ​​ពី​​​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​​១៣ ខែ​វិច្ឆិកា ខណៈ​ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ដឹក​នាំ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន កាលពី​ព្រឹក​ថ្ងៃទី​០៨ ហើយ​តាម​កម្មវិធី​គ្រោង​ទុក ​សម្តេច​នឹង​ថ្លែង​សន្ទរកថា​បិទ​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ឆ្នាំ២០២២ នៅ​រសៀល​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ថ្ងៃស្អែកនេះ៕