មកស្គាល់ឈ្មោះកូនទាំង៣ របស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និងភរិយា ទាង អេង ​​បាន​ប្រសូត្រ​​កូន​ទី​៣ ​​​​កាល​ពី​ថ្ងៃទី​​២០ ខែ​វិច្ឆិកា ឆ្នាំ២០២២ ម្សិល​មិញ​នេះ ដោយ​មាន​ឈ្មោះ​ថា “សូរ្យកាន្ត” ខណៈ​ដែល​​កូន​ប្រុស​ច្បង​មាន​​ឈ្មោះ​ថា “សង្ក្រាន្ត” និង​កូន​ស្រី​ទី​២ ឈ្មោះ​ថា “កល្យាណី”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអភិបាលខេត្តសៀមរាប ​​បាន​បង្ហោះរូបភាព​និង​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាល​ពី​ម្សិល​មិញ​ថា៖ “សង្ក្រាន្ត និងកល្យាណី មានប្អូនហើយ។ សូរ្យកាន្ត បើកភ្នែកឃើញពន្លឺព្រះអាទិត្យ ជាលើកទីមួយ​នៃ​ការចាប់ផ្តើមជីវិតរបស់គេ។ ពេលវេលាពិតជាដើរលឿនមែន មួយរំពេចសោះ រៀបការបាន៧ឆ្នាំបាន​កូន​៣។ ល្មមសម្រាប់ខ្ញុំ និងអាចល្មមសម្រាប់ប្រពន្ធដែរ មិននឹកស្មានថា ខ្ញុំនិងប្រពន្ធអាចមានកូនដល់តែ៣​បាន”។

លោក ទៀ សីហា ​​បាន​លើក​ឡើង​ពី​ប្រវត្តិ​របស់​លោក ជាមួយ​នឹង​កូនៗ​ទាំង​៣​ដូច​​ខាង​ក្រោម៖

កូនទី១ (សង្ក្រាន្ត) បានធ្វើ​ឱ្យ​លោក​យល់ពី ប៉ា និងម៉ាក់ច្រើន មិនថាការស្រឡាញ់ ការមើលថែ ព្រមទាំង​ក្តីបារម្ភពីកូនគ្រប់ពេល។ លោកប៉ាជាទាហាន រវល់សឹងតែរកពេលជួបកូនមិនបាន (ចាប់ពីការរំដោះ​របប​ប្រល័យពូជសាសន៍រួច រហូតបន្តមានសង្គ្រាមសុីវិលក្នុងប្រទេសកម្ពុជា និងត្រូវការកសាងប្រទេសឡើងវិញ ចាប់ពីចំណុចសូន្យ លោកប៉ាមិនដែលមានពេលនោះទេ។

កូនទី២ (កល្យាណី) ដោយសារតែជំងឺកូវីដ-១៩ ធ្វើឱ្យ​លោក​មិនអាចនៅក្បែរបាន តាំងពីកើតមក ជិត៦ខែ​បានអាចឱបថើបកូនបាន បារម្ភការឆ្លងកូវីដ និងមេរោគផ្សេងៗ។ ចំណុចនេះក៏នឹកដល់ប៉ារបស់​លោក​ថែម​ទៀត ពេលត្រូវបំពេញបេសកកម្មឆ្ងាយពីគ្រួសារ ដើម្បីស្វែងរកសន្តិភាព ក៏ប៉ាត្រូវនៅឆ្ងាយពីកូនដែរ។

ដល់កូនទី៣ (សូរ្យកាន្ត) យើងមានសន្តិភាពគ្រប់គ្រាន់ កូន​របស់​លោក​មានសុខភាពល្អ ដៃជើងគ្រប់ មុខ​មាត់​សង្ហារដូចឪពុក។

ទោះ​យ៉ាងណា ​​ដោយ​សារ​លោក​ជា​អភិបាលខេត្តសៀមរាប ​​និង​មាន​ភារកិច្ច​ច្រើន​ត្រូវ​បំពេញ លោក​នឹង​វិល​ត្រឡប់​ទៅ​បំពេញ​ការងារ​នៅ​​សាលា​ខេត្ត​សៀមរាប​វិញ​ ជាមួយបងប្អូនមន្ត្រីរាជការគ្រប់ថ្នាក់ ទុកឱ្យ​ប្រពន្ធ និងបងៗស្រី ជួយ​មើលកូនទាំង៣សិន។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ទៀ សីហា កូនប្រុសបង្កើតសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទើប​ត្រូវបានព្រះមហាក្សត្រ​ត្រាស់បង្គាប់តែងតាំងមុខតំណែង​ជាអភិបាល​ខេត្ត​សៀមរាប សម្រាប់អាណត្តិទី២បន្តក្នុងដែនសមត្ថកិច្ចដដែល កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ២០២២។

លោក ទៀ សីហា ធ្លាប់ជាអតីតអភិបាលរងខេត្តសៀមរាប ជា​នាយទាហានជាន់ខ្ពស់​នៅ​ក្រសួងការពារជាតិ​ ដែល​មាន​ឋានន្តរ​សក្តិឧត្តមសេនីយ៍ទោ ត្រូវ​បានតែងតាំង​ជា​អភិបាលខេត្ត​សៀមរាប​ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ជំនួស​លោក ឃឹម ប៊ុ​ន​សុង ដែល​ត្រូវ​បាន​​ដំឡើង​ឋានន្តរ​សក្តិថ្នាក់​នាយ​ឧត្តមសេនីយ៍ ​(​ផ្កាយ​៤) និងតែង​តាំង​​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​វិញ៕