សម្ដេចតេជោ ហ៊ុន សែន អះអាងពីឆ្នាំ២០២២ ជាឆ្នាំដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកាម្សិលមិញ ដែលមានមហាជនសរុបចំនួន ៤ម៉ឺននាក់ចូលរួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏មមាញឹក និងជាឆ្នាំដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា។ នាពេលថ្មីៗនេះ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយរលូន និងទទួលបានជោគជ័យដ៏ត្រចេះត្រចង់ជូនជាតិ មាតុភូមិ ដោយទទួលបានការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមហាអំណាច និង ប្រទេសជាមិត្តនៅក្នុងតំបន់ និងសកល ។

សម្តេចតេជោបន្តថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះបាននាំមកនូវកេរ្តិ៍ឈ្មោះដ៏ឧត្តុង្គឧត្តម កិត្តិយសដ៏ធំធេង និងភាពល្បីរន្ទឺក្នុងតំបន់ និងអន្តរជាតិសម្រាប់កម្ពុជា ព្រមទាំងរួមចំណែកដល់ការផ្សាព្វផ្សាយអំពីកម្ពុជា នៅលើឆាកអន្តរជាតិទាំងមូល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា៖ “ឆ្នាំ ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និង អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

សម្តេចតេជោបញ្ជាក់បន្ថែមថា នេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ៕