ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងចាប់ផ្តើមពង្រីកខ្លួនបន្ថែមទៀតនៅឆ្នាំក្រោយ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងកំឡុងទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង ពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជំនួបដាច់ដោយឡែកជាមួយលោក នីកូឡាស ណូតេប៉ែត អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលអភិវឌ្ឍគម្រោងអាកាសយានដ្ឋានជាង ៥០ ជុំវិញពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ បានឲ្យដឹងថា ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងអគ្គនាយកក្រុមហ៊ុន Vinci Airports បានពិភាក្សាលើគម្រោងពង្រីកទ្រង់ទ្រាយធំលើព្រលានយន្តហោះ អន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងជំនួបដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ក្រុមហ៊ុន Vinci Airports ដែលនាពេលបច្ចុប្បន្ននេះ ទទួលបានកិច្ចសន្យាសម្បទានគ្រប់គ្រងព្រលានយន្តហោះជាង៥០ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និង អាមេរិក ដោយសារបានប្រើប្រាស់គម្រូកិច្ចសន្យាសម្បទាននៅកម្ពុជាដែលកិច្ចសន្យាដំបូងគេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំព្រលានយន្តហោះ អន្តរជាតិ ខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ខាងមុខ។

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុន Vinci Airports លោក នីកូឡាស ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់សេចក្តីទុកចិត្តដល់ក្រុមហ៊ុន Vinci ចំពោះភាពជាដៃគូឈ្នះឈ្នះជាមួយនឹងរាជរដ្ឋាភិបាល ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០រហូតមកទល់នឹងពេលបច្ចុប្បន្នផងដែរ។

គួររំលឹកថា នៅដើមខែធ្នូ ឆ្នាំ២០២១កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារតែមិនអាចឆ្លើយតបនឹងកំណើនអភិវឌ្ឍកម្ពុជា ទើបតម្រូវសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល និងសៀមរាប ហើយពង្រីកព្រលាននៅខេត្តព្រះសីហនុ។

ក្នុងដំណើរអញ្ចើញពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ខេត្តកណ្តាល សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រលានយន្ដហោះនៅទីក្រុងភ្នំពេញ មិនអាចទ្រទ្រង់ការរីកចម្រើនទៅអនាគតបានទេ យើងអាចទប់ត្រឹមតែ ការហោះហើរផ្ទៃក្នុង ការដឹកទំនិញមួយភាគ និងកងទ័ពជើងអាកាស ដែលនៅទីនោះ ហើយនៅសៀមរាបក៏ដូចគ្នា មិនអាចទេ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជា ត្រូវការទទួលយន្ដហោះធុនធំ ដើម្បីចុះនៅខេត្តសៀមរាប ប៉ុន្ដែចុះមិនបាននោះទេ ព្រោះទាក់ទងជាមួយ នឹងសុវត្ថិភាពអង្គរវត្ដ។ ដូច្នេះហើយ បានត្រូវកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មួយទៀត។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ថ្ងៃក្រោយការហោះហើរអាចចុះចតនៅភ្នំពេញ, នៅខេត្តសៀមរាប និងអាចចុះចតនៅខេត្តព្រះសីហនុ ដោយយន្ដហោះធុនធំគ្រប់ខ្នាតទាំងអស់៕