កម្ពុជា​ និង​អេមីរ៉ាត​អារ៉ាប់​រួម​ ចុះ​ហត្ថលេខា​បញ្ចប់​ការ​ចរចា​ជុំ​ទី២​ នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ

សង្គម​និង​សេដ្ឋកិច្ច

​នា​ព្រឹក​ថ្ងៃ​ទី​ ២១ ខែ​ធ្នូ​នេះ កម្ពុជា​ និង​អេមីរ៉ាត​អារ៉ាប់​រួម​ បាន​បញ្ចប់​ការ​ចរចា​ជុំ​ទី​២ នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ ដែល​បាន​ប្រ​ព្រឹត្ត​អស់​រយៈ​ពេល​៣ថ្ងៃ​ (ទី​១៩ ដល់ ២១) ខែ​តុលា​ ឆ្នាំ​២០២២​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ច​ចរចារ​នេះ​ ធ្វើ​ឡើង​ដោយ​លោក​ជំទាវ​ តឹក​រ៉េត​ កំរង​ រដ្ឋ​លេខា​ធិការ​ និង​ជា​ប្រធាន​ក្រុម​ចរចា​ពាណិជ្ជកម្ម​សម្រាប់​ភាគី​កម្ពុជា​ ជា​មួយ​ឯក​ឧត្តម​ ជូម៉ា​ អាល់​កេត​ អនុ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ជា​ភាគី​អេមីរ៉ាត​អារ៉ាប់​រួម​ ក្នុង​ការ​ពិនិត្យ​​ និង​ពិភាក្សា​លើ​លទ្ធផល​នៃ​ការ​ចរចា និង​ប្រកាស​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​នៃ​ការ​ចរចា​ជុំ​ទី២​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​។

នៅ​ក្នុង​កិច្ច​ប្រជុំ​ ភាគី​ទាំង​ពីរ​បាន​ធ្វើការវាយ​តម្លៃខ្ពស់លើវឌ្ឍនភាព និងដំណើរការចរចាជុំទី២ នៃ​កិច្ច​ព្រមព្រៀង CAM-UAE CEPA ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ព្រម​ទាំង​ទទួលបានផ្លែផ្កាគួរជាទីសោមនស្សរីករាយ ដោយ​ឈរ​លើមាគ៌ា​ផល​ប្រយោជន៍​រួមនិង​បំពេញ​ឲ្យ​គ្នាទៅវិញទៅមក រួមទាំងអនុលោមតាមបញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ។ ជា​ពិសេស​នោះ​ ដោះស្រាយ​រាល់ចំណុច​ដែល​មិនទាន់​មានការឯកភាពគ្នាទាំងស្រុង ដើម្បីឱ្យកិច្ចព្រមព្រៀង CAM-UAE CEPA មាន​លក្ខណៈ​ស៊ី​ជម្រៅ​ តែគិត​គូរទៅមុខវែងឆ្ងាយ និងមាន​ភាពបត់បែន​ឆ្ពោះទៅរកជំហររួម និងអត្ថ​ប្រយោជន៍​រួម នឹង​ចូលរួម​លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹង​ទំនាក់​ទំនងមិត្តភាព​រវាង​ប្រទេសទាំងពីរ និង​ជំរុញ​ការតភ្ជាប់ពីតំបន់ទៅតំបន់ជាពិសេសគឺរវាងអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា ឱ្យកាន់​តែល្អ​ប្រសើរ​ថែម​ទៀត។

លើស​ពី​នេះ​ ភាគី​ទាំង​ពីរក៏​បានបន្ត​ធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិលើគ្រប់វិស័យជាសារវ័ន្ត ដូចជា៖ ពាណិជ្ជកម្មនិងវិនិយោគ សេវាកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ កសិកម្ម ពាណិជ្ជកម្មឌីជីថល អប់រំ ឧស្សាហកម្ម ថាមពល បច្ចេកវិទ្យា ដែល​សុទ្ធសឹងជាធាតុសំខាន់ៗបម្រើដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច​ ប្រកបដោយចីរភាព និងបរិយា​ប័ន្ន។

សូម​បញ្ជាក់​ផង​ដែរ​ថា​ អាមីរ៉ាត​អារ៉ាប់រួម នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀប​ចំ​​ការ​ចរចា​ជុំ​ទី៣ ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ផង​ដែរ​៕​

​​