ចិន ប្រគល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ ១លានដូសមកឱ្យក្រសួងកសិកម្មកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម និងកិច្ចការជនបទចិន ប្រគល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន១លានដូស មកដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២២។ វ៉ាក់សាំងសត្វ១លានកម្រិតដែលទទួលបាននេះ រួមមាន វ៉ាក់សាំងជំងឺអុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបូសខ្យល់គោក្របីសរុប ៥០ម៉ឺនកម្រិត ហើយវ៉ាក់សាំងទាំងនេះនឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វដែលបាន និងកំពុងកើតមាន ជាបន្ថែមទៅនឹងវ៉ាក់សាំងដែលកម្ពុជាមានស្រាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជឿជាក់ថាវ៉ាក់សាំងទាំងនេះនឹងដើរតួនាទីជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជា។ លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដែលមាននៅក្នុងកសិកម្មកម្ពុជាត្រូវបានអនុវត្តទាំងស្រុងនិងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងនោះមានដូចជាកសិផល ការចិញ្ចឹមសត្វ នេសាទ និងកៅស៊ូជាដើម។

លោកបញ្ជាក់ថា ឆ្នាំ២០២៣ ជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា«ឆ្នាំមិត្តភាពចិន-កម្ពុជា» ជឿជាក់ថាក្រោមការដឹកនាំជាយុទ្ធសាស្រ្តនៃថ្នាក់ដឹកនាំទាំងពីរប្រទេស ក្រោមការជំរុញយ៉ាងសកម្មនៃស្ថាប័នវិស័យកសិកម្មនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យកសិកម្មនៃប្រទេសទាំងពីរនឹងឈានដល់កម្រិតថ្មីមួយទៀត។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដែលថា វ៉ាក់សាំងទាំងនេះនឹងជួយជំរុញការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជា លើកកម្ពស់គុណភាពផលិតកម្មសត្វ។

បើតាមលោករដ្ឋមន្ត្រី វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ ហើយកន្លងមកក្រសួងកសិកម្ម បានខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យនេះឱ្យមានការរីកចម្រើនផងដែរ ប៉ុន្តែបញ្ហាលំបាកមួយចំនួននៅតែមាន ដូចជា ជំងឺឆ្លងសត្វដែលធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹម ការផ្គត់ផ្គង់សាច់ និងផលិតផលសត្វនៅលើទីផ្សារក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា ដែលកន្លងមកប្រទេសកម្ពុជាបានជួបប្រទះនូវការផ្ទុះ និងឆ្លងរាលដាលនៃជំងឺមួយចំនួនដូចជា ជំងឺអុតក្តាម ជំងឺសារទឹកគោក្របី ជំងឺប៉េស្តជ្រូក ជំងឺផ្ដាសាយបក្សី ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺដុំពកស្បែកលើគោក្របី ដែលធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វជាពិសេសកសិករនៅជនបទ និង មន្ទីរពិសោធន៍ និងធនធានមនុស្សនៅមានកម្រិត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យចិញ្ចឹមសត្វផងដែរ។

ទន្ទឹមនឹងនេះដែរតាមរយៈជំនួយវ៉ាក់សាំងការពារជំងឺឆ្លងសត្វនេះ លោកថា ក្រសួងកសិកម្ម នឹងខិតខំកិច្ចការនាំចេញកសិផលកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិន ជំរុញការអភិវឌ្ឍន៍ដែលមានប្រសិទ្ធភាពខ្ពស់ដល់ពាណិជ្ជកម្មកសិកម្មរវាងកម្ពុជា-ចិន ផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជនទាំងពីរប្រទេស។

គួររំឭកថា នាពេលកន្លងមកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យកសិកម្មសំខាន់ៗដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ និងកៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផ្លែផ្កា ជាក់ស្តែងនាពេលថ្មីៗនេះកម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិនបានជាង ២.៦០០តោន គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ហើយនាពេលខាងមុខ កម្ពុជានឹងនាំចេញ ពោត ម្រេច និងផលិតផលកសិកម្មផ្សេងៗទៀតទៅកាន់ទីផ្សារចិនផងដែរ៕