អ្នកជំនាញ៖ ជាប់ឬធ្លាក់បាក់ឌុប យុវជនគ្រប់រូប គួរមាន​​ជំនាញ​​គោលមួយ និងជំនាញអម៤ទៀត

សង្គម​និង​សេដ្ឋកិច្ច

សិស្សានុសិស្សជាច្រើនឧស្សាហ៍មានបញ្ហាពាក់ព័ន្ធការជ្រើសរើសមុខវិជ្ជារៀនបន្តនៅសាកលវិទ្យាល័យ។ អ្នកខ្លះរើស​​រៀន​​តាមគ្រួសារ​ អ្នកខ្លះតាមមិត្តភក្ដិ ឯអ្នកខ្លះទៀតចេះតែរៀនៗទៅ ព្រោះមិនច្បាស់ថារៀនអ្វីឲ្យសក្តិសមសម្រាប់​​ខ្លួនឯង។យ៉ាងណាមិញ សម្រាប់សិស្សានុសិស្ស បើទោះជាប្រឡងជាប់ក្តី ឬមិនជាប់ក្តីចាំបាច់គួរមានជំនាញគោលមួយ និងជំនាញអម៤ទៀត។នេះបើតាមការលើកឡើងពីជំនាញសេដ្ឋកិច្ច និងជាអ្នកដែលធ្វើការពាក់ព័ន្ធនឹងយុវជន លោក ង៉ែត ជូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ង៉ែត ជូ បានលើកឡើងដូច្នេះថា យុវជនប្រឡងជាប់បាក់ឌុបក្តី ឬធ្លាក់បាកឌុបក្តីគួរមានជំនាញគោល​​ច្បាស់លាស់​​មួយ​​ដែលជាជំនាញសំរាប់វិជ្ជាជីវៈប្រចាំជីវិត និងជំនាញអមចំនួន៤ទៀតសំរាប់ឱ្យជីវិតរស់នៅមានភាពល្អប្រសើរ។ ជំនាញ​​គោលរួមមានដូចជា ជំនាញវិស្វកម្មសំណង់ស៊ីវិល ជំនាញជួសជុលគ្រឿងយន្តកសិកម្ម ជំនាញគណនេយ្យ ជំនាញគ្រប់គ្រង ជំនាញវិជ្ជសាស្ត្រ ជំនាញគីមីចំណីអាហារ។ល។

លោកថា ជំនាញអម៤ទៀតរួមមានដូចជា៖

១) ជំនាញសហគ្រិនភាព៖ ជាជំនាញដែលមានគំនិតច្នៃប្រឌិត និងបង្កើតនូវគំនិតអាជីវកម្មដើម្បីដោះស្រាយ​បញ្ហានានា​ក្នុង​​សង្គម​។ ដំបូងយុវជនអាចប្រើជំនាញគោលសំរាប់ធ្វើការងារយកប្រាក់ខែចិញ្ចឹមជីវិត និងក្រុមគ្រួសារ និងប្រើជំនាញ​សហគ្រិន​​ភាពដើម្បីជួយអោយក្រុមហ៊ុនដែលខ្លួនធ្វើការកាន់តែមានភាពរីកចំរើនខ្លាំង។ បន្ទាប់មក​​អាចនឹងបង្កើត​​អាជីវ​កម្មផ្ទាល់​​ខ្លួន​​ប្រសិនបើមានចំណង់ និងសមត្ថភាពច្បាស់លាស់។

២) ជំនាញគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងវិនិយោគ៖ ចាប់ពីពេលនេះតទៅការចេះធ្វើការ ឬប្រកបរបរអាជីវកម្មដើម្បី​​រក​ចំណូលចិញ្ចឹមគ្រួសារតែមួយមុខមិនគ្រប់គ្រាន់ទេ គឺទាមទារអោយចេះគ្រប់គ្រងលុយកាក់ និងទ្រព្យសម្បត្តិដែល​រកបាន​​ដោយលំបាកអោយមានប្រសិទ្ធិភាព។ ជាពិសេសចេះយកប្រាក់ដែលរកបានទៅបង្កើតប្រាក់បន្ថែមតាមរយៈ​ការវិនិយោគ​ដើម្បីសំរួលបន្ទុកដល់ការទ្រទ្រង់ជីវភាពគ្រួសារ និងការអប់រំកូនៗអោយបានល្អ។

៣) ជំនាញប្រាស្រ័យទាក់ទង និងធ្វើការងារជាក្រុម៖ ទោះជាបំពេញការងារជាអ្វីក៏ដោយ ជាសហគ្រិនក៏ដោយ ឬជាអ្នក​​វិនិយោគ​ក៏​ដោយ បុគ្គលគ្រប់រូបគប្បីមានជំនាញប្រាស្រ័យទាក់ទងល្អ និងសមត្ថភាពក្នុងការធ្វើការងារជាក្រុមអោយ​មានប្រសិទ្ធិភាពខ្ពស់។ បើមិនដូច្នោះទេគឺពុំមានឱកាសទទួលបានជោគជ័យក្នុងការបំពេញការងារឡើយ។

៤) ជំនាញភាសាបរទេស៖ សំរាប់បំរើអោយការសិក្សាស្រាវជ្រាវ និងការប្រាស្រ័យទាក់ទងក្នុងការងារ៕