​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់អង្គភាពក្រោមចំណុះ​ឲ្យ​ត្រៀម​​សហការ​​ការពារ​​​​​សន្តិ​​សុខ​ ​​ក្នុង​​ព្រឹត្តិកា​រ​ណ៍​កី​ឡាស៊ី​ហ្គេម​ និង​​​ការ​​​បោះ​ឆ្នោត

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង​ទ័ព​ជើងគោក បានដាក់​​បទបញ្ជាដល់បណ្តាស្ថាប័ន-កងឯកភាពក្រោមចំណុះ ត្រៀមសហការចូលរួមការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់​ធ្នាប់​សាធារ​ណៈ ក្នុង ព្រឹត្តិការណ៍កីឡា SEA Games ASEAN Para Games 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែ​ឧសភា និងមិថុនា និងការរៀបចំការ​បោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃ​​រដ្ឋ​សភា នាខែកក្កដា ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទបញ្ជានេះ​ត្រូវ​បានដាក់ចេញ នៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ​២០​២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់កងទ័ពជើងគោក កាលពីថ្ងៃទី១០ ខែមករា ម្សិលមិញ។

ក្រៅពីដាក់ចេញបទបញ្ជាសម្រាប់ព្រឹត្តិការណ៍សំខាន់ទាំងពីនេះ ជាទិសដៅការងារ​បន្តសម្រាប់​​ឆ្នាំ​​២០​​​​២៣ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ណែនាំឲ្យបណ្តាស្ថាប័ន-កងឯកភាពក្រោមចំណុះ បន្ត​យក​ចិត្តទុកដាក់ និងត្រៀមលក្ខណៈ​អនុវត្ត​​គ្រប់​ភារ​កិច្ច​​ទាំង​កិច្ច​​ការងារស្នូល និងភារកិច្ច​​នានា​តាម​បទ​​បញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន​កងយោធ​ពលខេមរភូមិន្ទ ដូចជា​​ការត្រៀម​បម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ជាយថាហេតុផ្សេងៗ។

ជាមួយគ្នា ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេ​បញ្ជា​​ការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន​​ទូទាំង​កងទ័ពជើងគោក ដែលពេញ​មួយ​ឆ្នាំ​២០​​២២ កន្លងទៅ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី-ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមផែនការដែល​បានដាក់ចេញ ក៏ដូចជាការឆ្លើ​យ​តបបានទាន់​ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានការណ៍​ជាយថា​ហេតុ​ផ្សេងៗ ដូចជាការបន្ត​ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ កម្ពុជា នឹងមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួន រួមមានព្រឹត្តិការណ៍កីឡា SEA Games ASEAN Para Games 2023 ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ នាខែ​ឧសភា និងមិថុនា និងការរៀបចំការបោះឆ្នោតជ្រើស​តាំង​តំណាង​​រាស្ត្រ សម្រាប់នីតិកាលទី៧ នៃ​​រដ្ឋ​សភា ​ដែល​នឹងរៀបចំឡើងនាខែកក្កដា៕