NBC៖ សេដ្ឋកិច្ចកម្ពុជារំពឹងថាសម្រេចបានកំណើន៦%ទោះបីមានបញ្ហាប្រឈមខាងក្រៅក៏ដោយ

សង្គម​និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា ហៅកាត់ថា NBC បានបង្ហាញក្តីរំពឹងទុកទៅលើសេដ្ឋកិច្ចកម្ពុជានៅឆ្នំា២០២៣នេះនឹងបន្តសម្រេចបានកំណើនក្នុងរង្វង់៦%ទោះបីជាមានបញ្ហាប្រឈមនៅខាងក្រៅក៏ដោយ ព្រោះកម្ពុជាពឹងផ្អែកទៅលើកំណើនក្នុងវិស័យសំខាន់ៗមួយចំនួនដែលបានងើបឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមវឌ្ឍនភាពម៉ាក្រួសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នំា២០២និងទស្សនវិស័យឆ្នំា២០២៣របស់ធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយថ្មីៗអះអាងថា ចំពោះសេដ្ឋកិច្ចកម្ពុជា កំណើនត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តសម្រេចបានក្នុងរង្វង់៦% នៅឆ្នាំ២០២៣ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។

កំណើនសេដ្ឋកិច្ចដែលរំពឹងថាសម្រេចបានក្នុងរង្វង់៦%នៅឆ្នំា២០២៣នេះ បើតាមធនាគារជាតិនៃកម្ពុជាថាដោយសារការរំពឹងទុកពីកំណើនក្នុងវិស័យកាត់ដេរ ៦,៩% ហើយផលិតផលកម្មន្តសាលមិនមែនកាត់ដេរកើន ១៤,៣%។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងមានកំណើន ១៨,៥% ដោយសារជាមួយនឹងការបង្កើនក្រោយការបន្ធូរបន្ថយកំណើនភ្ញៀវទេសចរក្នុងស្រុកនិងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិការតភ្ជាប់ជើងហោះហើរមកកម្ពុជាជាលំដាប់និងការកើនឡើងទេសចរចិនការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន។ វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា ១,១% ដែលរួមចំណែកគាំទដោយការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។

យ៉ាងណាមិញ វិស័យសំណង់និងអចលនទ្រព្យត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗក្នុងអត្រា ១,៧% និង ១,២% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារអចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណិតដែលបម្រើដល់តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ៕ អត្ថបទ៖ ឧកញ៉ា សារេត