មន្ត្រីជំនាញថា តាំងពីមានច្បាប់សំណង់ អគារខ្ពស់ៗនៅកម្ពុជា មិនទាន់មានការបាក់រលំទៀតទេ

សង្គម​និង​សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា តាំងពីមានច្បាប់​ស្តីពី​សំណង់ ​​ដែល​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ចាប់ពី​ចុង​ឆ្នាំ​២០១៩ និង​ចាប់​ផ្តើម​​អនុវត្ត​នៅ​ដើម​ឆ្នាំ​២០២០ អគារខ្ពស់ៗនៅកម្ពុជា ​​មិន​ទាន់​មាន​ការ​បាក់រលំ ដូច​ពេល​មុន​នោះ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក​ ថេង ច័ន្ទសង្វារ ​​រដ្ឋលេខាធិការ​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

លោក​ ថេង ច័ន្ទសង្វារ ​​រដ្ឋលេខាធិការ​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​បាន​លើក​ឡើង​ក្នុង​ឱកាស​ដែល​លោក​​​ធ្វើ​បទបង្ហាញ​ស្តីពី​ច្បាប់​សំណង់ ជូន​ដល់​​យុវជន​ក្រសួង​ដែនដី​ប្រមាណ​ជិត ២០០​នាក់ កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ២០២៣​នេះ​ថា បើយើងនិយាយពីការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា យើង​អាចប្រើពាក្យថាផ្ទុះ (Boom) នៅ​រយៈពេល​១០​ឆ្នាំ ឬ​៥​ឆ្នាំ​ចុង​ក្រោយ ដោយសារ​មាន​ការ​សម្រុក​សាងសង់​ច្រើន​ ប៉ុន្តែ​យើងមិន​មានច្បាប់ បទដ្ឋានគ្រប់គ្រាន់ ទាំងផ្នែកបច្ចេកទេស ទាំងផ្នែកច្បាប់ ដូច្នេះហានិភ័យ​គឺកើតមាន​ឡើង​គ្រប់ពេល។ លុះដល់មានការបាក់អគារនៅព្រះសីហនុ ទើប​នាំ​គ្នា​ភ្ញាក់ផ្អើល ហើយ​នេះ​ជា​មូលហេតុ​ក្រសួង​ដែនដី បង្ខំ​ធ្វើ​ច្បាប់​ស្តីពី​សំណង់​ឱ្យ​បាន​លឿន ឱ្យ​បាន​ឆាប់ និង​ប្រកាស​ឱ្យ​ប្រើ​ជា​ការ​ប្រញ៉ាប់។

នាយកខុទ្ទកាល័យ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រូបនេះ បាន​បន្ត​ថា មកទល់​បច្ចុប្បន្ន​ ក្រោយ​ពី​ច្បាប់​សំណង់​ ចូល​ជា​ធរមាន យើង​សង្កេត​ឃើញ​ថា ពុំ​ទាន់​ឃើញ​មាន​ការ​បាក់​រលំ​អគារ​ទៀត​នោះ​ទេ មាន​តែ​ការ​បាក់ដី ​នៅ​ពេល​ពួកគាត់​សាងសង់​នៅ​មាត់ទឹក ហើយ​ចំណុច​នេះ​ក៏​មិន​ដឹង​ជួយ​របៀប​ណា​នោះ​ដែរ។ មែន​ទែន​ទៅ បើ​យើង​យក​ច្បាប់​សំណង់ទៅ​អនុវត្ត ​ផ្ទះ​ទាំង​អស់​​របស់​ប្រជាជន​ដែល​រស់នៅ​ជាប់​មាត់​ទន្លេ​​ នឹង​ត្រូវ​រុះរើ​ចេញ​ទាំង​អស់ ព្រោះ​​ផ្ទះ​ទាំង​នោះ​​ខុស​ពី​និយាម​សុវត្ថិភាព​ទាំងអស់ ប៉ុន្តែ​បើ​យើង​រុះ​រើ​ទាំង​អស់ មិន​ដឹង​ថា​គួរ​យក​ពួកគាត់​ទៅ​ទីណា។

លោក​ ថេង ច័ន្ទសង្វារ បាន​បន្ថែម​ថា ច្បាប់សំណង់ ក៏​​បាន​ជួយ​លើក​កម្ពស់​សុវត្ថិភាព​ និង​គុណភាព​អគារ​ខ្ពស់ៗ​នៅ​កម្ពុជា បាន​កាន់​ច្រើន​ ​ដោយ​ក្នុង​នោះ​​​ក្នុង​ច្បាប់​បាន​តម្រូវ​ឱ្យ​មាន​បទ​ប្បញ្ញត្តិ​បច្ចេកទេសសំណង់ និង​ស្តង់ដា ដែល​​​មន្ត្រី​អធិការកិច្ច​សំណង់ ចុះ​ត្រួត​ពិនិត្យ​​ទៅ​លើ​សម្ភារៈសំណង់ បរិក្ខារសំណង់ ផលិតផលសំណង់ ការប្រកប​វិជ្ជាជីវៈ និង​ការ​ធ្វើអាជីវកម្ម​ក្នុង​វិស័យសំណង់។ ម្យ៉ាងទៀត គ្រប់ការសាងសង់​អគារ​ធំៗ​ខ្ពស់ៗ ​​តម្រូវ​ឱ្យ​មាន​លិខិត​អនុញ្ញាត​សាងសង់ លិខិត​អនុញ្ញាត​បើកការដ្ឋាន​សំណង់ និង​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់។

គួរ​រំឮក​ថា ​​កាល​ខែ​មិថុនា ឆ្នាំ២០១៩ ​​អគារ​កំពុង​សាងសង់​មួយ​កម្ពស់​ ៧​ជាន់ នៅ​ក្រុង​ព្រះសីហនុ ​​​​បាន​បាក់​រលំ ​ដែល​បណ្តាល​ឱ្យ​មនុស្ស​​​២៨​នាក់​ស្លាប់។ រំលង​បានប៉ុន្មាន​ខែ​ក្រោយ​មក ​​នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០២០ សំណង់​អគារ​កម្ពស់ ៦​ជាន់​មួយ​ទៀត នៅ​ខេត្ត​កែប ​​​​​ក៏​បាន​បាក់​រលំ​ដែរ ​​ដែល​​​មាន​ជន​រង​គ្រោះ​យ៉ាង​ហោច​ណាស់ ៦​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត។ ការ​បាក់​អគារ​ទាំង​អស់​នេះ ត្រូវ​បាន​គេ​យល់​ឃើញ​ថា ដោយសារ​​តែ​ការ​សាង​សង់​មិន​គោរព​ច្បាប់ ​គ្មាន​លិខិត​អនុញ្ញាត​សាងសង់​ត្រឹម​ត្រូវ ​ធ្វើ​ឱ្យ​សំណង់​គ្មាន​គុណភាព និង​មិន​ធានា​បាន​នូវ​និយាម​សុវត្ថិភាព។

​សូមបញ្ជាក់​ថា ច្បាប់ស្តីពី​សំណង់ មាន​២២​ជំពូក ១១១​មាត្រា ​​ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើ​តាម​រយៈ​ព្រះរាជក្រម​លេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ ច្បាប់នេះ មាន​គោលបំណង​ធានា៖ គុណភាព សន្តិសុខ សុវត្ថិភាព​សំណង់​ ការពារ​ទ្រព្យសម្បត្តិ​និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នក​ប្រើប្រាស់​សំណង់ និង​សាធារណជន, សោភណភាពនិងបរិស្ថាន​ល្អ​ សម្រាប់​ការ​រស់នៅ​ប្រកប​ដោយ​ចីរភាព​ សំដៅ​លើកកម្ពស់​សុខុមាលភាពសាធារណៈ, គណនេយ្យភាព​និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកប​ការងារ​និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់, ការ​បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​នៅ​ក្នុង​វិស័យ​សំណង់ និង​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម៕