ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលរោងចក្រព្យួរកិច្ចសន្យាការងារនឹងចាប់ផ្តើមនៅខែមេសាតទៅ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមនិយោជក ដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងសំភារៈធ្វើដំណើរ និងកាបូប បើកកិច្ចប្រជុំពិភាក្សាគ្នាក្នុងការសហការរៀបចំ ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចជាសកលថានិងចាប់ពីខែមេសាខាងមុខនេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោតាមក្រសួងការងារ កិច្ចប្រជុំនៅថ្ងៃទី៧មីនាកន្លងទៅបានលើកឡើងពីនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញ ដោយសារកត្តា នៃការចាប់ផ្តើមនូវវិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្រ្គាមរុស្សី អ៊ុយក្រែន បន្ថែមទៅលើផលប៉ះពាល់ កន្លងមកពីវិបត្តិជំងឺកូវីដ-១៩ ។ ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបាននឹងកំពុងបន្តកើនឡើង ហើយស្ថិតក្នុងស្ថានភាពមួយមិនប្រាកដប្រជា ដែលអាចនឹងវិលទៅប្រក្រតីភាពនៅពេលណានោះឡើយ បន្ថែមពីនេះការចំណាយផ្សេងៗក៏មិនទាន់អាចកាត់បន្ថយបានសម្រាប់ការផលិត និងការនាំចេញ។ 

ក្នុងឱកាសនោះដែរតំណាងវិស័យឯកជន បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែផ្តល់នូវការគិតគូខ្ពស់ជួយសម្រួលដល់វិស័យឯកជន ដើម្បីអាចរក្សាលំនឹងអាជីវកម្មផលិតកម្មរបស់ខ្លួន ហើយជួយដល់បងប្អូនកម្មករនិយោជិតអាចរក្សាការងាររបស់ខ្លួន និងប្រាក់ចំណូលដោះស្រាយជីវភាពក្នុងពេលគ្រាមានវិបត្តិកើតឡើង។ 

បើតាមក្រសួងការងារបញ្ជាក់ថា «កិច្ចប្រជុំក៏បានឯកភាពគ្នាលើសេណារីយ៉ូនៃការអនុវត្តនូវកិច្ចអន្តរាគមន៍ជួយផ្តល់សាច់ប្រាក់ដល់កម្មករ កម្មការិនី ដែលត្រូវព្យួរការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ ដោយអនុវត្តដូចដែលក្រសួង បានផ្តល់ជូនក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតរបស់យើង។ អំឡុងពេលដែលរោងចក្របានព្យួរកិច្ចសន្យាការងារនេះ ដោយរាជរដ្ឋាភិបាលនឹងចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន៤០ដុល្លារ និងខាងរោងចក្រឧបត្ថម្ភចំនួន៣០ដុល្លារ»។

លោក អាត ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកម្ពុជាបានបង្ហាញការប៉ាន់ប្រមាណថា «នៅពេលខាងមុខនេះចំនួនរោងចក្រព្យួរការងារដល់កម្មករនឹងកើនឡើងលើសជាង៧០រោងចក្របន្ថែមទំាងរោងចក្រផ្លូវការនិងមិនផ្លូវការ ដោយសារហេតុថាGSPយើងមិនប្រាកដថាយើងនូវរក្សាបាន,EBAយើងមិនប្រាកដថាយើងតបាន ហើយចំពេលហ្នឹងវៀតណាមគេមានកិច្ចព្រមព្រៀងជាមួយEUធ្វើឱ្យគេមានឱកាសដឹកទំនិញទៅអឺរ៉ុបដោយមិនអស់ពន្ធ។លើសពីនេះសង្គ្រាមនៅអ៊ុយក្រែននិងនៅកម្ពុជាជិតដល់ពេលត្រូវបោះឆ្នោត។ដូចនេះជាទូទៅសម្រាប់អ្នកបញ្ជាទិញទំនិញពីកម្ពុជាគេមានការប្រយ័ត្នប្រយ៉ែង»៕ អត្ថបទ៖សារេត