ប៉ូលសេដ្ឋកិច្ចទី៤ កម្ពុជាអាចនាំអង្ករ​បាន១លានតោនក្នុងមួយឆ្នាំ និងជំរុញការនាំចេញគ្រប់វិស័យ

សង្គម​និង​សេដ្ឋកិច្ច

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាចាត់ទុកថាគម្រោងប៉ូលសេដ្ឋកិច្ចទី៤ដែលប្រមុខរាជរដ្ឋាភិបាលបង្ហើបឱ្យដឹងកាលពីពេលថ្មីៗនេះថានិងជួយឱ្យកម្ពុជាអាចនាំចេញអង្ករបាន១លានតោន ខណៈប្រធានក្រុមប្រឹក្សាភិបាលសមាគមផលិតស្បែកជើងកម្ពុជាមើលឃើញថាប៉ូលសេដ្ឋកិច្ចទី៤ នេះនឹងជួយជំរុញការនាំចេញលើគ្រប់វិស័យរបស់កម្ពុជាឱ្យកើនឡើងទ្វេដង ក្រៅពីការទាក់ទាញអ្នកវិនិយោគពីខាងក្រៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោកឧកញ៉ាលឹមហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ប៉ូលសេដ្ឋកិច្ចទី៤ជាប៉ូលសេដ្ឋកិច្ចល្អប្រសើរមួយ ដែលផ្តោតលើវិស័យកសិកម្មមានមច្ឆានិងស្រូវមានគោលដៅនាំចេញអង្ករនេះឯងដែលកន្លងមករាជរដ្ឋាភិបាលបានកំណត់នាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នំា តែយើងធ្វើមិនទាន់បាន។ ដូច្នេះបើយើងមានប៉ូលសេដ្ឋកិច្ចទី៤ នេះបន្ថែមទៀតខ្ញុំគិតថាមិនយូរទេ យើងអាចឈានដល់នាំចេញអង្ករបាន១លានតោន ឬលើសតាមរយៈប៉ូលសេដ្ឋកិច្ចនេះហើយក៏ដូចជាខាងមច្ឆាយើងនាំចេញបានតិចតួច។ ដូច្នេះបើយើងមានប៉ូលសេដ្ឋកិច្ចថ្មី ជាការលើកទឹកចិត្ត ហើយជាគោលដៅមួយសម្រាប់ទាក់ទាញអ្នកវិនិយោគទំាងក្នុងស្រុកនិងបរទេសឱ្យវិនិយោគនៅក្នុងប្រទេស។

លោកឧកញ៉ា លឹម ហេង


លោកឧកញ៉ា លឹម ហេង សង្កត់ធ្ងន់ថា«ខ្ញុំគិតថាប៉ូលសេដ្ឋកិច្ចទី៤នេះឬការកំណត់ឡើងនេះជាផលប្រយោជន៍រួមសម្រាប់ប្រទេសកម្ពុជា។កសិផលនិងវត្ថុធាតុដើមក្នុងស្រុកជាច្រើនដែលមិនទាន់បានកែច្នៃឱ្យអស់លទ្ធភាពហើយកំពុងខ្វះទីផ្សារនាំចេញ ស្របពេលការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននេះនឹងធ្វើឱ្យការនាំចេញនឹងមានភាពល្អប្រសើរសម្រាប់កម្ពុជា»។

អ្នកឧកញ៉ា លី ឃុនថៃ


អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសមាគមផលិតស្បែកជើងនៅកម្ពុជាមានប្រសាសន៍ថាប៉ូលសេដ្ឋកិច្ចទី៤ ខ្ញុំគិតថាវាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចប្រទេសកម្ពុជា,លំហូរចូលនៃការវិនិយោគ,ជំរុញការនាំចេញនាំចូលឱ្យមានកំណើនល្អ ពិសេសបើកទីផ្សារកាន់តែធំទូលាយ។
អ្នកឧកញ៉ាសង្កត់ធ្ងន់ថា«ប៉ូលសេដ្ឋកិច្ចទី៤នេះនៅពេលខាងមុខនិងលេចចេញជារូបរាងយើងជឿថាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ថាអាចដំណើរការទៅមុខបានដោយរលូននិងជោគជ័យ ។ប៉ូលសេដ្ឋកិច្ចទី៤នេះជួយធ្វើឱ្យក្តីសង្ឃឹមរបស់យើងកាន់តែល្អទៅពេលខាងមុខ។លើសពីនេះជួយជំរុញការនាំចេញលើគ្រប់វិស័យឱ្យមានការកើនឡើងទ្វេដងនិងថែមទំាងជួយទាក់ទាញអ្នកវិនិយោគមកពីចិននិងពីប្រទេសផ្សេងទៀត»។
ពាក់ព័ន្ធនិងការទាក់ទាញអ្នកវិនិយោគទំាងក្នុងស្រុកនិងបរទេសនេះបើតាមលោកឧកញ៉ាលឹមហេងចង់បានការលើកលែងពន្ធមួយចំនួនពីប្រមុខរាជរដ្ឋាភិបាលដើម្បីផ្តល់ឱកាសឱ្យអ្នកវិនិយោគមានលទ្ធភាពប្រកួតប្រជែងទីផ្សារជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា«ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុកនិងបរទេស បើសិនមានការលើកទឹកចិត្តនិងមានការកំណត់ពីតំបន់ឬប៉ូលសេដ្ឋកិច្ចស្តីពីកសិកម្ម រាជរដ្ឋាភិបាលគួរពិចារណាលើកទឹកចិត្តដើម្បីទាក់ទាញអ្នកវិនិយោគតាមរយៈការលើកលែងពន្ធដូចជាពន្ធកាត់ទុកផ្សេងៗ, ពន្ធលើVATនិងពន្ធនាំចេញ ធ្វើឱ្យយើងអាចប្រកួតប្រជែងក្នុងការនាំចេញនៅថ្នាក់តំបន់ ពិសេសបណ្តាប្រទេសសមាជិកអាស៊ាន ដែលជាប្រទេសនាំចេញផលិតផលកសិកម្ម វត្ថុធាតុដើមនិងការកែច្នៃផ្សេងទៀតដូចកម្ពុជានាំចេញនៅពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖សារេត