អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងមានឈ្មោះជាប់ពន្ធនាគារ និងគ្រោងដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រថៃ ប៉ុន្តែគណបក្ស Thai Phakdi កំពុងរៀបចំឯកសារ ដាក់ពាក្យប្ដឹងជំទាស់ការសុំលើកលែងទោសរបស់លោក ថាក់ស៊ីន។
យោងតាមករចុះផ្សាយពីសារព័ត៌មាន Thaipbs បានបង្ហាញថា លោក Thosaphol Phromket អនុប្រធានបក្ស Thai Phakdi បានលើកហេតុផល ៣ចំណុច សម្រាប់ការជំទាស់ការសុំលើកលែងទោសនោះ ដែលមានដូចជា៖
ហេតុផលទី១៖ លោកថាក់ស៊ីន ត្រូវបានតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារ ដោយសាររកឃើញប្រព្រឹត្តអំពើពុករលួយ ៤ករណី អំឡុងពេលបំពេញការងារជានាយករដ្ឋមន្ត្រីថៃ ដែលបណ្ដាលឲ្យមានការខូចខាតជាខ្លាំងនៅក្នុងប្រទេស។ បន្ថែមពីនោះ លោកថែមទាំងរត់គេចពីបញ្ហា ទៅរស់នៅក្រៅប្រទេស ហើយបើលោកដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ គឺប្រៀបដូចជាមិនគោរពចំពោះច្បាប់ប្រទេសជាតិឡើយ។
ហេតុផលទី២៖ បើលោកហ៊ានដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ វានឹងធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម បំផ្លាញភាពយុត្តិធម៌ និងច្បាប់ដែលបានចែង។
ទន្ទឹមនឹងនោះ វានឹងធ្វើឲ្យមានវិសមភាពសង្គម ដែលប្រជាជននឹងលើកឡើងថា “ពន្ធនាគារ ធ្វើឡើងសម្រាប់តែអ្នកក្រប៉ុណ្ណោះ” ដូច្នេះក្រសួងយុត្តិធម៌ គួរតែប្រកាន់ខ្ជាប់ អនុវត្តច្បាប់ឲ្យបានល្អបំផុត។
ហេតុផលទី៣៖ អំឡុងពេលឧត្ដមសេនីយ៍ Paiboon Koom នៅកាន់តំណែងនៅក្រសួងយុត្តិធម៌ លោកបានកែប្រែច្បាប់ ហាមមិនឲ្យអ្នកទោសពាក់ព័ន្ធនឹងករណីពុករលួយ អាចដាក់ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្របានឡើយ ដូច្នេះលោកថាក់ស៊ីន មិនគួរទទួលបានសិទ្ធក្នុងការដាក់ញត្តិសុំការលើកលែងទោសទេ ហើយក្រសួងយុត្តិធម៌ត្រូវតែអនុវត្តច្បាប់នេះ ដូចដែលបានចែង។
សូមជម្រាបដែរថា បន្ទាប់ពីចាកចោលស្រុកកំណើតអស់រយៈពេលប្រមាណ ១៥ឆ្នាំ មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានវិលជាន់ដីថៃវិញ កាលពីថ្ងៃទី២២ ខែសីហា ហើយក៏ត្រូវបានតុលាការកំពូលផ្ដន្ទាទោសជាប់ពន្ធនាគារ រយៈពេល ៨ឆ្នាំ ទាក់ទងនឹងករណីពុករលួយ ៤ករណី អំឡុងពេលលោកនៅកាន់តំណែង៕