ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌ របស់ប្រទេសវៀតណាម ទំនងមានការថយចុះចន្លោះពី ៥ ទៅ ៦,៣% ឬប្រហែល ៤០,៥ ទៅ ៤១ពាន់លានដុល្លារ នាឆ្នាំនេះ ដោយសារតម្រូវការពិភពលោកមានការធ្លាក់ចុះ។
យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានរាយការណ៍ថា សម្លៀកបំពាក់ និងវាយនភណ្ឌ គឺជាផលិតផលនាំចេញធំបំផុតទី៣ របស់ប្រទេសវៀតណាម បន្ទាប់ពីគ្រឿងអេឡិចត្រូនិក និងទូរស័ព្ទឆ្លាតវៃ ខណៈរោងចក្រផលិតសម្លៀកបំពាក់ខ្នាតយក្សជាច្រើន ក៏បោះទីតាំងនៅប្រទេសតំបន់អាស៊ាននេះ ដែលមានដូចជា Nike, Calvin Klein, Zara, Adidas និង Ralph Lauren។
“សេដ្ឋកិច្ចសកលនៅមិនទាន់មានសភាពល្អវិញនៅឡើយ ដែលធ្វើឲ្យប្រជាជនផ្អាកការចាយវាយលើទំនិញផ្សេងៗដូចជា សម្លៀកបំពាក់ជាដើម។ នេះគឺជាឧបសគ្គសម្រាប់វិស័យសម្លៀកបំពាក់ និងវាយនភណ្ឌទូទាំងសកលលោក មិនមែនតែវៀតណាមឡើយ”។ នេះបើតាមសម្ដីរបស់ Vu Duc Giang ប្រធានសហគមន៍កាត់ដេរ និងវាយនភណ្ឌវៀតណាម។
ជម្រាបបន្ថែមថា ក្រុមហ៊ុនសម្លៀកបំពាក់ និងគ្រឿងវាយនភណ្ឌ ជាច្រើនបានបិទទ្វារ និងអាជីវកម្មរបស់ពួកគេ នៅវៀតណាមក្នុងឆ្នាំនេះ បន្ទាប់ពីការបញ្ជាទិញធ្លាក់ចុះខ្លាំង ខណៈក្រុមហ៊ុនត្រូវបង្ខំកាត់បន្ថយបុគ្គលិកច្រើននាក់៕