គម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងភូមិសាស្រ្តខេត្តសៀមរាប នឹងមានសមត្ថភាពស្រោចស្រពដល់ផ្ទៃដីបង្កបង្កើនផលក្នុងរដូវវស្សាបានរហូត ១ ៣២៥ហិកតា ខណៈប្រជាកសិករប្រមាណ ជិត២ពាន់គ្រួសារនឹងទទួលផលពីគម្រោងនេះ។

នេះបើយោងតាមការចុះពិនិត្យការចាប់ផ្តើមអនុវត្តគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ស្ថិតក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដឹកនាំដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងជួសជុលទំនប់អាងទឹកសួង៧៨ មានដូចជា៖១.ជួសជុលទំនប់អាងទឹកសួង៧៨ ប្រវែង ៤ ៨០០ម៉ែត្រ និង ២.ជួសជុលសំណង់សិល្បការ្យ ចំនួន ៧កន្លែង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្មរូបនេះ ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកផងដែរ។ សូមជម្រាបដែរថា គម្រោងទំនប់អាងទឹកសួង៧៨នេះ នឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១ ៣២៥ហិកតា រដូវប្រាំងចំនួន ២ ២៣១ហិកតា និងដំណាំរួមផ្សំ ៣០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១ ៧៣៩គ្រួសារ ក្នុងភូមិចំនួន១២ នៃឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់បន្ថែមពីមន្រ្តីខាងលើ៕ អត្ថបទ៖ ហ្សាលីន




