ក្រុមហ៊ុន Reliance Jio របស់មហាសេដ្ឋីមានដាច់គេបំផុតនៅតំបន់អាស៊ី លោក Mukesh Ambani កាលពីពេលថ្មីៗណេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីមានបំផុតលើលោក Elon Musk ដើម្បីនាំយកសេវាកម្មអ៊ីនធឺណិតាមផ្កាយរណប Starlink ទៅកាន់ប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
![]()
ជុំវិញកិច្ចព្រមព្រៀងថ្មីចុងក្រោយនេះ Reliance Jio ដែលជាប្រតិបត្តិករទូរគមន៍ដ៏ធំបំផុតរបស់ឥណ្ឌា នឹងរាប់រងលើការស្តុកទុកឧបករណ៍ Starlink នៅក្នុងហាងលក់រាយរបស់ខ្លួន ហើយកាន់តែពិសេសក្រុមហ៊ុន Starlink ក៏អាចទទួលបានការចែកចាយដោយផ្ទាល់ នៅក្នុងហាងរាប់ពាន់កន្លែងរបស់ Reliance Jio នៅទូទាំងប្រទេស ផងដែរ។
គួរឲ្យផងដែរថា កន្លងមកក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk និងលោក Ambani បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតអំពីរបៀបដែលប្រទេសឥណ្ឌា គួរត្រូវផ្លាស់ប្តូររបត់នៃការប្រើប្រាស់អ៊ីនធឺណិតតាមរយ:ផ្កាយរណប ហើយនៅទីបំផុត រដ្ឋាភិបាលទីក្រុងញូវដែលី ក៏អាចរកឃើញវិធីសាស្រ្តក្នុងការបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុនរបស់មហាសេដ្ឋីលំដាប់លោកទាំងពីរ មកចូលរួមវិនិយោគរួមគ្នាជំនួសវិញ។
ដំបូងឡើយ ក្រុមហ៊ុន Reliance របស់លោក Ambani មានការព្រួយបារម្ភថា Musk អាចគ្របដណ្ដប់លើលំហទូរគមនាគមន៍របស់ឥណ្ឌា នៅពេលដែលមហាសេដ្ឋីអាមេរិករូបនេះ ចាប់ផ្តើមដាក់លក់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសនេះ។
ប៉ុន្តែទោះជាយ៉ាងណា៏ដោយ តាមរយ:កិច្ចព្រមព្រៀងចែកចាយចុងក្រោយដែលត្រូវបានចុះហត្ថលេខានេះ នឹងមើលឃើញថាក្រុមហ៊ុនរបស់លោក Ambani អាចផ្តល់ជូននូវផលិតផលរបស់ក្រុមហ៊ុនគូប្រជែង ទៅក្នុងទីផ្សារដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជំនួសវិញ។
ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Reliance នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសភាពជាដៃគូស្រដៀងគ្នានេះផងដែរ រវាង Starlink និងក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតទី២ របស់ឥណ្ឌា Bharti Airtel។ ហើយទាំងកិច្ចព្រមព្រៀងរបស់ Airtel និង Jio ទទួលបានលក្ខខណ្ឌដូចគ្នា នៅពេលដែល Starlink ទទួលបានការយល់ព្រមពីសំណាក់រដ្ឋាភិបាលឥណ្ឌា ដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសនេះ៕

