ហ្វីលីពីន ព្រមានអំពីការកើតមានរលកយក្សស៊ូណាមិ បន្ទាប់ពីរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៧.៨ រ៉ិចទ័រ

អន្តរជាតិ

គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតមួយ កម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ ខណៈស្ថាប័នជំនាញ កំពុងព្រមានអំពីការកើតមានរលកយក្សស៊ូណាមិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌលស្ទង់ភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយនៅថ្ងៃចន្ទនេះថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅឆ្នេរសមុទ្រមីនដាណាវ ក្នុងជម្រៅ ១០ គីឡូម៉ែត្រចុះទៅក្រោម ស្របពេលមជ្ឈមណ្ឌលព្រមានអំពីរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក (PTWC) បានចេញមុខព្រមានរលកយក្សស៊ូណាមិ អាចនឹងមានកើតឡើង នៅតាមបណ្តោយឆ្នេរសមុទ្រហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាឡាវ តៃវ៉ាន់ និងPapua New Guinea។

ជមួយគ្នានេះ អាជ្ញាធររបស់ប្រទេសជប៉ុន ក៏បានចេញសេចក្តីព្រមានអំពីយក្សស៊ូណាមិដាច់ដោយឡែកមួយផ្សេងទៀត សម្រាប់តំបន់ជាច្រើនតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក ដោយព្យាករ ថារលកយក្ស អាចនឹងឡើងដល់កម្ពស់ ១ ម៉ែត្រនៅក្នុងតំបន់ជាច្រើន។ ប្រទេសឥណ្ឌូណេស៊ី ក៏បានចេញការព្រមាន និងបញ្ជាឱ្យជម្លៀសចេញនៅតំបន់មួយចំនួននៅភាគខាងជើងផងដែរ។

នៅប្រទេសហ្វីលីពីន យ៉ាងហោចណាស់មនុស្ស ១៥ នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ និងជិត ១៣០ នាក់រងរបួស ដោយមានអគារជាច្រើនបានបាក់ដួលរលំ។’

លោក Robert Dagon ពលបាលឯកនៃនាយកដ្ឋាននគរបាលក្រុង General Santos ក្នុងខេត្ត Sarangani បាននិយាយថា អគារជាច្រើនបានរងផលប៉ះពាល់ ប៉ុន្តែមិនទាន់អាចរាយបញ្ជីព័ត៌មានលម្អិតនៅពេលនេះបានទេ ព្រោះនាយកដ្ឋានកំពុងរវល់ជាមួយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ នៅក្នុងអគារ និងផ្ទះជាច្រើនដែលបានរលំបាក់បែក។

គួរជម្រាបជូនថា ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានទម្រង់ភូមិសាស្ត្រស្មុគស្មាញ ដែលមានទីតាំងស្ថិតនៅក្នុង “ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក” ឬ “Pacific Ring of Fire” ដែលជាតំបន់នៃសកម្មភាពរញ្ជួយដីកើតមានញឹកញាប់ ដូចទៅនឹងប្រទេសជប៉ុនដែរ៕​