តាមរយៈកិច្ចប្រជុំផ្លាស់ប្ដូរការរៀបចំយុទ្ធសាស្ត្រកាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងសាធារណ ការ និងដឹកជញ្ជូនឡាវ បានរួមគ្នារៀបចំផែនការលើវិស័យឡូជីស្ទីក និងវិស័យដឹកជញ្ជូនទ្វេភាគីឱ្យកាន់តែប្រសើរ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមាន លោក ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ។
កិច្ចប្រជុំពិភាក្សាខាងលើនេះ ត្រូវបានរៀបចំក្នុងគោលបំណងដើម្បី ១.ផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នាក្នុងការរៀបចំផែនការលើវិស័យឡូជីស្ទីក វិស័យដឹកជញ្ជូន និងការតភ្ជាប់ និង ២. ពិភាក្សាលើកាលានុវត្តភាពលើកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនាពេលអនាគត។

សូមបញ្ជាក់ផងដែរថា ក្រោមកិច្ចសម្របសម្រួលពីអគ្គនាយកដ្ឋានភស្ដុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ គ្រោងនឹងចុះទស្សនកិច្ចផ្ទាល់នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដែលជាតំបន់ប្រមូលផ្ដុំហេដ្ឋារចនាសម្ព័ន្ធដ៏មានសក្ដានុពលរបស់ប្រទេសកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន


