នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងការនាំចូលថាមពល អគ្គិសនីពីប្រទេសថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយ។

អគ្គិសនីកម្ពុជា បានអះអាងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាពុំមានការនាំចូលថាមពល អគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។ ទន្ទឹមនឹងនេះ អគ្គិសនីកម្ពុជា ក៏សូមបដិសេធ ចំពោះការលើកឡើងនានាដែលផ្ទុយពីការពិតខាងលើនេះផងដែរ។

សូមជម្រាបជូនដែរថា កាលពីពេលថ្មីៗនេះៗ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា បានប្រកាសឲ្យដឹងថា កម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ហើយក៏ពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់បណ្តាញជាតិរបស់កម្ពុជានោះទេ។ ម្យ៉ាងទៀត បើទោះបីករណីថៃផ្តាច់ចរន្តអគ្គិសនីតំបន់ខ្លះនៅតាមព្រំដែន ក៏កម្ពុជាអាចផ្គត់ផ្គង់ខ្លួនឯងបាន។
ជាមួយគ្នានេះ នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតផងដែរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ក៏កំពុងឈានឆ្ពោះទៅការធ្វើថាមពលដើរដោយខ្យល់នាពេលខាងមុខនេះផងដែរ ដោយការអនុម័តគម្រោងវិនិយោគលើការផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ ជាការវិនិយោគដំបូងនៅប្រទេសកម្ពុជា ដោយយកខេត្តមណ្ឌលគិរីជាទីតាំងវិនិយោគដំបូងចំនួន៦គម្រោង។ គម្រោងនេះ បានឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភាហើយ។ គម្រោងដែលដាក់ចេញជាជំហានទី១នេះ អាចបង្កើតថាមពលអគ្គិសនីដែលដើរដោយកម្លាំងខ្យល់ ដល់កម្ពុជាបានប្រមាណ៩០០គីឡូមេហ្កាវ៉ាត់ផងដែរ៕
