កម្មវិធីបញ្ហាសិប្បនិម្មិតដ៏ល្បីល្បាញបំផុតរបស់ចិន DeepSeek ត្រូវបានអនុញ្ញាតបើកឲ្យប្រើប្រាស់ជាថ្មីម្តងទៀត ជាលើកដំបូង នៅក្នុងទីផ្សារកម្មវិធីរបស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បន្ទាប់ពីការទាញយកកម្មវិធីនេះត្រូវបានផ្អាកអស់រយ:ពេលប្រហែលពីរខែ ដោយសារអាជ្ញាធរបានលើកឡើងអំពីការបំពានច្បាប់ការពារទិន្នន័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា DeepSeek បានផ្ទេរទិន្នន័យអ្នកប្រើប្រាស់ និងការជូនដំណឹងដោយគ្មានការអនុញ្ញាត នៅពេលដែលសេវាកម្មនេះបានចាប់ផ្តើមបើកដំណើរការដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងខែមករា។
ក្រោយមក ការទាញយកកម្មវិធី DeepSeek ត្រូវបានផ្អាកទាំងស្រុងនៅក្នុងខែកុម្ភៈ បន្ទាប់ពីមានសំណួរទាក់ទងនឹងការការពារទិន្នន័យផ្ទាល់ខ្លួន ប៉ុន្តែយ៉ាងណាក៏ដោយ ឥឡូវនេះ សេវាកម្ម AI នេះ ត្រូវបានអនុញ្ញាតឲ្យទាញយកម្តងទៀត នៅលើទីផ្សារកម្មវិធីធំៗរបស់ប្រទេសកូរ៉េខាងត្បូង រួមទាំងតាមរយៈ App Store របស់ Apple និង Google Play Store ផងដែរ។
ជុំវិញការបើកឲ្យទាញយកសារជាថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ DeepSeek បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”យើងបានដំណើរការព័ត៌មានផ្ទាល់របស់អ្នកប្រើប្រាស់ទាំងអស់ ដោយអនុលោមតាមច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួននរបស់ប្រទេសកូរ៉េខាងត្បូង”។
DeepSeek បានបញ្ជាក់ទៀតថាអ្នកប្រើប្រាស់មានជម្រើសក្នុងការបដិសេធមិនអនុញ្ញាតឲ្យមានការផ្ទេរព័ត៌មានផ្ទាល់ខ្លួនទៅកាន់ក្រុមហ៊ុនមួយចំនួនទាំងនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក៕

