ចិន និងអាមេរិក ចង់សហការលើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រតិភូធុរជនពីចិន និងអាមេរិក បានស្នើសុំកិច្ចសហការ និងការគំាទ្រលើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិនៅកម្ពុជា។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងពិភាក្សាខាងលើប្រតិភូធុរជនពីចិន និងអាមេរិក បានមកជួបពិភាក្សាការងារជាមួយក្រសួងទេសចរណ៍ ព្រមទាំងស្នើសុំការគំាំទ្រការពីក្រសួងទេសចរណ៍លើគម្រោងរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន ដែលជាផលិតផលទេសចរណ៍ធុរកិច្ចថ្មី និងមានតម្លៃបន្ថែម ប្រកបដោយលក្ខណៈប្រណិតភាព។

ក្នុងឱកាសជំនួបដ៏មានសារៈសំខាន់នេះ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រតិភូធុរជនចិនអាមេរិក ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិន អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងអភិវឌ្ឍន៍លើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ផលិតផលទេសចរណ៍ថ្មីបន្ថែម។

ទន្ទឹមគ្នានេះដែរ ក្រសួងទេសចរណ៍ ក៏បានស្នើក្រុមហ៊ុន ជួយសហការទប់ស្កាត់ព័ត៌មានមិនពិតអំពីប្រទេសកម្ពុជាដូចដែលក្រុមហ៊ុនបានរាយការណ៍ជូនដែលជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជាពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ក្រសួង ក៏បានស្នើក្រុមហ៊ុនជួយសហការផ្សព្វផ្សាយពីសភាពការណ៍ពិតដូចប្រតិភូបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ ការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសផ្តល់នូវសុខសុវត្ថិភាពល្អដល់អ្នកទេសចរ និងអ្នកវិនិយោគ រួមទាំងប្រជាពលរដ្ឋចិនអាមេរិកផងដែរ។

សូមបញ្ជាក់ថា ក្នុងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង១លាន៨សែននាក់ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទេសចរជនជាតិចិន មានចំនួនជាង២៨ម៉ឺននាក់ កើនឡើងជាង៥០%។ ក្រសួងទេសចរណ៍ បានព្យាករថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ចន្លោះពី៧,២លាននាក់ ទៅដល់ប្រមាណ៧,៥លាននាក់ នៅក្នុងឆ្នាំ២០២៥នេះ៕ អត្ថបទ៖ ហ្សាលីន