លោក Will Nankervis អនុរដ្ឋលេខាធិការ (Assistant Secretary) ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី ទទួលបន្ទុកផ្នែកទំនាក់ទំនង និងវិភាគសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ និងជាអតីតឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំតំបន់អាស៊ាន បានសន្យាថា នឹងជួយជំរុញទាក់ទាញវិនិយោគិនខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ការសន្យានេះ បានធ្វើឡើងក្នុងជំនួបវាងមន្រ្តីជាន់ខ្ពស់អូស្រ្តាលី ជាមួយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីចុងសប្តាហ៍។
នាឱកាសនោះ លោក Will Nankervis អនុរដ្ឋលេខាធិការ (Assistant Secretary) ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺមានគោលបំណងដើម្បីពិភាក្សានិងស្វែងយល់អំពីគោលនយោបាយ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា សំដៅជំរុញទាក់ទាញវិនិយោគិនអូស្រ្តាលីឱ្យមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្នុងវិស័យសក្ដានុពលនៅកម្ពុជា ដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម, វិស័យថាមពលបៃតង, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យទេសចរណ៍ ជាដើម។

ជាការឆ្លើយតប លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានជម្រាបជូនភាគីអូស្រា្តលីផងដែ អំពីតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងផ្តល់កិច្ចសម្រួលវិនិយោគ និងគំរោងរៀបចំកម្មវិធីជំរុញនិងទាក់ទាញវិនិយោគនៅប្រទេសអូស្ត្រាលីនាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា តាមរយៈជំនួបពិភាក្សាខាងលើនេះដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាផងដែរ ពីបរិការណ៍វិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពមិនប្រាកដប្រជានៃការអនុវត្តប្រព័ន្ធពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។
យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសនោះ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលជានិច្ចកាលតែងតែផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការផ្ដល់ការគាំទ្រទៅលើកិច្ចការទាក់ទាញវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងការចូលរួមចំណែកលើកកម្ពស់សមត្ថភាពស្ថាប័ន តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)ផងដែរ៕អត្ថបទ៖ ហ្សាលីន

