កូរ៉េខាងត្បូង រកបានប្រធានាធិបតីស្តីទីថ្មី ក្រោយមេដឹកនាំកំពូលពីររូបលាលែងពីតំណែងជាប់ៗគ្នា

អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee Joo-ho ត្រូវបានតែងតាំងឲ្យក្លាយជាប្រធានាធិបតីស្តីទីថ្មីរបស់ប្រទេសកូរ៉េខាត្បូង បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Han Duck-soo និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Choi Sang-mok បានសម្រេចលាលែងពីតំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Chosun។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់ពីម៉ោង ០០:០០ ថ្ងៃទី២ ខែឧសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee Joo-ho ​បច្ចុប្បន្នវ័យ ៦៤ឆ្នាំ នឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីស្តីទីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង។

មុននេះ នាយករដ្ឋមន្ត្រី លោក Han Duck-soo បានប្រកាសលាលែងពីតំណែងកាលពីរសៀលថ្ងៃទី១ ឧសភា ដើម្បីឈរឈ្មោះបោះឆ្នោត ដោយបញ្ចប់តួនាទីជាប្រធានាធិបតីស្តីទី។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok នឹងកាន់តួនាទីជាប្រធានស្តីទីម្តងទៀត។ លោក Choi បានកាន់តំណែងនេះចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែមីនា ដោយសារតំណែងប្រធានាធិបតីទំនេរ ពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើអតីតប្រធានាធិបតី លោក Yoon Suk-yeol ដែលប្រកាសចេញច្បាប់អាជ្ញាសឹក។

តែទោះជាយ៉ាងណាក៏ដោយ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបន្តដំណើរការនីតិវិធីចោទប្រកាន់ទៅលើលោក Choi ដើម្បីដកតំណែងចេញវិញ នៅល្ងាចថ្ងៃទី១ ខែឧសភា ជុំវិញការសម្រេចចិត្តដែលលោកបានធ្វើជាប្រធានាធិបតីស្តីទី។ តំណាងរាស្រ្តមកពីគណបក្សអំណាចប្រជាជន (PPP) បានចាកចេញពីបន្ទប់ប្រជុំរបស់សភា ដើម្បីបង្ហាញការប្រឆាំងតវ៉ា។ ក្រោយមក លោក Choi បានប្រកាសលាលែងពីតំណែងភ្លាមៗ។

គួរឲ្យដឹងផងដែរថា ក្រោយការដកតំណែងនេះ យោង​តាម​ច្បាប់របស់​រដ្ឋាភិបាល​កូរ៉េ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក Lee នឹង​ត្រូវឡើងកាន់​តំណែង​ជា​ប្រធាន​ស្តីទីថ្មី។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុកក្នុង​វិស័យ​សង្គម ​ទទួលបាន​តួនាទី​នេះ។

ជម្រាបជូនថា កូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីផ្លូវការ នៅថ្ងៃទី៣ ខែមិថុនា។ នៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង ប្រកាសលទ្ធផលនៃការរាប់សន្លឹកឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី នឹងចូលកាន់អំណាចបន្តពីលោក Lee ៕