ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee Joo-ho ត្រូវបានតែងតាំងឲ្យក្លាយជាប្រធានាធិបតីស្តីទីថ្មីរបស់ប្រទេសកូរ៉េខាត្បូង បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Han Duck-soo និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Choi Sang-mok បានសម្រេចលាលែងពីតំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Chosun។

ចាប់ពីម៉ោង ០០:០០ ថ្ងៃទី២ ខែឧសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee Joo-ho បច្ចុប្បន្នវ័យ ៦៤ឆ្នាំ នឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីស្តីទីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង។
មុននេះ នាយករដ្ឋមន្ត្រី លោក Han Duck-soo បានប្រកាសលាលែងពីតំណែងកាលពីរសៀលថ្ងៃទី១ ឧសភា ដើម្បីឈរឈ្មោះបោះឆ្នោត ដោយបញ្ចប់តួនាទីជាប្រធានាធិបតីស្តីទី។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok នឹងកាន់តួនាទីជាប្រធានស្តីទីម្តងទៀត។ លោក Choi បានកាន់តំណែងនេះចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែមីនា ដោយសារតំណែងប្រធានាធិបតីទំនេរ ពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើអតីតប្រធានាធិបតី លោក Yoon Suk-yeol ដែលប្រកាសចេញច្បាប់អាជ្ញាសឹក។
តែទោះជាយ៉ាងណាក៏ដោយ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបន្តដំណើរការនីតិវិធីចោទប្រកាន់ទៅលើលោក Choi ដើម្បីដកតំណែងចេញវិញ នៅល្ងាចថ្ងៃទី១ ខែឧសភា ជុំវិញការសម្រេចចិត្តដែលលោកបានធ្វើជាប្រធានាធិបតីស្តីទី។ តំណាងរាស្រ្តមកពីគណបក្សអំណាចប្រជាជន (PPP) បានចាកចេញពីបន្ទប់ប្រជុំរបស់សភា ដើម្បីបង្ហាញការប្រឆាំងតវ៉ា។ ក្រោយមក លោក Choi បានប្រកាសលាលែងពីតំណែងភ្លាមៗ។
គួរឲ្យដឹងផងដែរថា ក្រោយការដកតំណែងនេះ យោងតាមច្បាប់របស់រដ្ឋាភិបាលកូរ៉េ រដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee នឹងត្រូវឡើងកាន់តំណែងជាប្រធានស្តីទីថ្មី។ នេះជាលើកទីមួយហើយដែលឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្នុងវិស័យសង្គម ទទួលបានតួនាទីនេះ។
ជម្រាបជូនថា កូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីផ្លូវការ នៅថ្ងៃទី៣ ខែមិថុនា។ នៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង ប្រកាសលទ្ធផលនៃការរាប់សន្លឹកឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី នឹងចូលកាន់អំណាចបន្តពីលោក Lee ៕

