ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple អាចនឹងត្រូវបន្ថែមការចំណាយដល់ខ្ទង់ ៩០០លានដុល្លារ នៅក្នុងត្រីមាសនេះ ជុំវិញការផ្លាស់ប្តូរទិសដៅខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារតែវិធានការពន្ធគយនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី២ ខែឧសភានេះ Apple បានប្រកាសកាត់បន្ថយ ១០ពាន់លានដុល្លារនៅក្នុងកម្មវិធីទិញភាគហ៊ុនរបស់ខ្លួន។ ហើយជាមួយគ្នានេះ នាយកប្រតិបត្តិ លោក Tim Cook ក៏បាននិយាយផងដែរថា ពន្ធគយនាំចូលរបស់សហរដ្ឋអាមរិក អាចនឹងបន្ថែមប្រហែល ៩០០លានដុល្លារ ដល់ការចំនាយរបស់ក្រុមហ៊ុននៅក្នុងត្រីមាសនេះ ដោយសារតែក្រុមហ៊ុន ត្រូវបង្វែរខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំរបស់ខ្លួន ដើម្បីដើម្បីកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មពិភពលោក។
លោក Tim Cook បានបន្ថែមឲ្យដឹងទៀតថា ៖”ប្រសិនបើអត្រាពន្ធនៅតែរក្សាក្នុងកម្រិតបច្ចុប្បន្ន គោលនយោបាយ និងការអនុវត្តនៅតែមិនផ្លាស់ប្តូរ ហើយមិនមានការប្រកាសពីពន្ធគយថ្មីក្នុងត្រីមាសនេះទេនោះ យើងប៉ាន់ស្មានថាការចំណាយរបស់ក្រុមហ៊ុន អាចនឹងបន្ថែមប្រហែល ៩០០លានដុល្លារ” ។
នាយកប្រតិបត្តិរូបនេះ បាននិយាយទៀតថា iPhone ភាគច្រើនដែលលក់នៅសហរដ្ឋអាមេរិកក្នុងត្រីមាសនេះ អាចនឹងត្រូវបានផលិតក្នុងប្រទេសឥណ្ឌា ខណៈ iPads, Macs និង Apple Watches ភាគច្រើននឹងនាំចូលមកពីប្រទេសវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ទីផ្សារនៅក្រៅសហរដ្ឋអាមេរិក ភាគច្រើននៃផលិតផល Apple ដែលបានដាក់លក់ នឹងបន្តផលិតនៅក្នុងប្រទេសចិន។
“យើងមានខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ស្មុគស្មាញ ហើយវាតែងតែមានហានិភ័យ។ យើងបានរៀនសូត្រតាំងពីយូរយារណាស់មកហើយថា ប្រសិនបើអ្វីៗទាំងអស់ត្រូវបានដាក់នៅកន្លែងតែមួយ នោះហានិភ័យគឺនឹងកាន់តែធំ” ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Cook។
ជម្រាបជូនដែរថា ក្រុមហ៊ុន Apple ក៏កំពុងផែនការពង្រីកការវិនិយោគរបស់ខ្លួនដែលមានទំហំទឹកប្រាក់ដល់ទៅ ៥០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ដោយក្នុងនោះនឹងរួមបញ្ចូលទាំងការវិនិយោគដើមទុន និងការចំណាយប្រតិបត្តិការ។ Apple នឹងបង្កើតរោងចក្រផលិតបន្ទះឈីប និងមជ្ឈមណ្ឌលទិន្នន័យជាមួយដៃគូផលិតរបស់ខ្លួនផ្សេងទៀត៕

