Apple នឹងត្រូវបន្ថែមការចំណាយដល់ ៩០០លានដុល្លារ ដោយសារតែវិធានការពន្ធគយលោក ត្រាំ

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple អាចនឹងត្រូវបន្ថែមការចំណាយដល់ខ្ទង់ ៩០០លានដុល្លារ នៅក្នុងត្រីមាសនេះ ជុំវិញការផ្លាស់ប្តូរទិសដៅខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារតែវិធានការពន្ធគយនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២ ខែឧសភានេះ Apple បានប្រកាសកាត់បន្ថយ ១០ពាន់លានដុល្លារនៅក្នុងកម្មវិធីទិញភាគហ៊ុនរបស់ខ្លួន។ ហើយជាមួយគ្នានេះ នាយកប្រតិបត្តិ លោក Tim Cook ក៏បាននិយាយផងដែរថា ពន្ធគយនាំចូលរបស់សហរដ្ឋអាមរិក អាចនឹងបន្ថែមប្រហែល ៩០០លានដុល្លារ ដល់ការចំនាយរបស់ក្រុមហ៊ុននៅក្នុងត្រីមាសនេះ ដោយសារតែក្រុមហ៊ុន ត្រូវបង្វែរខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំរបស់ខ្លួន ដើម្បីដើម្បីកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មពិភពលោក។

លោក Tim Cook បានបន្ថែមឲ្យដឹងទៀតថា ៖”ប្រសិនបើអត្រាពន្ធនៅតែរក្សាក្នុងកម្រិតបច្ចុប្បន្ន គោលនយោបាយ និងការអនុវត្តនៅតែមិនផ្លាស់ប្តូរ ហើយមិនមានការប្រកាសពីពន្ធគយថ្មីក្នុងត្រីមាសនេះទេនោះ យើងប៉ាន់ស្មានថាការចំណាយរបស់ក្រុមហ៊ុន អាចនឹងបន្ថែមប្រហែល ៩០០លានដុល្លារ” ។

នាយកប្រតិបត្តិរូបនេះ បាននិយាយទៀតថា iPhone ភាគច្រើន​ដែល​លក់​នៅ​សហរដ្ឋអាមេរិក​ក្នុង​ត្រីមាស​នេះ​ អាចនឹង​ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស​ឥណ្ឌា ខណៈ iPads, Macs និង Apple Watches ភាគច្រើន​នឹងនាំចូល​មក​ពី​ប្រទេស​វៀតណាម។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ទីផ្សារនៅក្រៅសហរដ្ឋអាមេរិក ភាគច្រើននៃផលិតផល Apple ដែលបានដាក់លក់ នឹងបន្តផលិតនៅក្នុងប្រទេសចិន។

“យើងមានខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ស្មុគស្មាញ ហើយវាតែងតែមានហានិភ័យ។ យើងបានរៀនសូត្រតាំងពីយូរយារណាស់មកហើយថា ប្រសិនបើអ្វីៗទាំងអស់ត្រូវបានដាក់នៅកន្លែងតែមួយ នោះហានិភ័យគឺនឹងកាន់តែធំ” ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Cook។

ជម្រាបជូនដែរថា ក្រុមហ៊ុន Apple ក៏កំពុងផែនការពង្រីកការវិនិយោគរបស់ខ្លួនដែលមានទំហំទឹកប្រាក់ដល់ទៅ ៥០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ដោយក្នុងនោះនឹងរួមបញ្ចូលទាំងការវិនិយោគដើមទុន និងការចំណាយប្រតិបត្តិការ។ Apple នឹងបង្កើតរោងចក្រផលិតបន្ទះឈីប និងមជ្ឈមណ្ឌលទិន្នន័យជាមួយដៃគូផលិតរបស់ខ្លួនផ្សេងទៀត៕