គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ជាខួប១ឆ្នាំ ដែលលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមសិល្បករខ្មែរ នៅក្នុងការបោះឆ្នោត ដែលរៀបចំឡើងដោយគណៈកម្មការចម្រុះដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយទទួលបានការគាំទ្ររហូតដល់៩៣% នៃចំនួនអង្គបោះឆ្នោតសរុប ជាតំណាងសិល្បករ សិល្បការិនីគ្រប់ទម្រង់ទូទាំងប្រទេស។

ទឹកចិត្តរបស់បងប្អូនសិល្បករ សិល្បការិនី និងការផ្ដល់ការគាំទ្រជាសន្លឹកឆ្នោត, លោកជំទាវអ្នកឧកញ៉ាតែងរក្សាជាប់នៅក្នុងចិត្ត ជាមួយនឹងស្មារតីប្រកបដោយការដឹងគុណ ហើយជាកម្លាំងចិត្តដ៏ធំធេងក្នុងដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកភាពកាន់តែរីកចម្រើន ដោយបានដើរតួនាទីយ៉ាងសកម្មចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ។ ជាពិសេស គឺការគាំពារដល់សិល្បករចាស់ជរា ពិការ បាត់បង់សមត្ថភាព ជាអទិភាពមួយក្នុចំណោមកិច្ចការអទិភាពដទៃទៀត ដែលបានកំណត់ក្នុងផែនការសកម្មភាពរបស់សមាគម។
បើតាមសមាគមសិល្បករខ្មែរ បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ លោកជំទាវអ្នកឧកញ៉ាប្រធាន និងថ្នាក់ដឹកនាំទាំងអស់របស់សមាគម បានយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ហាចំពោះមុខជាច្រើន ដើម្បីធានាដល់ប្រសិទ្ធភាព ស្ថេរភាព និងនិរន្តរភាពក្នុងដំណើរការរបស់សមាគម ហើយទទួលបាននូវសមិទ្ធផលជាច្រើន រួមមាន៖ ការរៀបចំឱ្យមានការិយាល័យសមរម្យសម្រាប់បុគ្គលិកបំពេញការងារ និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនសិល្បករអញ្ជើញមកទទួលយកសេវានានា, ការប្រមូលកៀរគរមូលនិធិពីសប្បុរសជនដើម្បីគាំទ្រសកម្មភាពរបស់សមាគមជាពិសេសសកម្មភាពសប្បុរសធម៌ជួយដល់រៀមច្បងសិល្បករ សិល្បករចាស់ជរា ពិការ បាត់បង់សមត្ថភាព ជាដើម, ការពង្រឹងសាមគ្គីភាពក្នុងចង្កោមសិល្បករ ដោយយកចិត្តទុកដាក់សម្របសម្រួលដោះស្រាយវិវាទរវាងសិល្បករ និងសិល្បករនៅក្រៅប្រព័ន្ធតុលាការ, ការផ្ដល់សេវាផ្នែកច្បាប់តាមរយៈមេធាវីរបស់សមាគមជួយដល់សិល្បករដែលកំពុងមានបណ្ដឹងតាមផ្លូវតុលាការ, ការរៀបចំ និងសហការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ធំៗជាច្រើនជាមួយនឹងស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទាំងក្នុងកម្រិតជាតិ និងនៅលើឆាកអន្តរជាតិ រួមទាំងសកម្មភាពជាច្រើនទៀត។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្ដេជ្ញាយ៉ាងមុតមាំក្នុងដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកភាពកាន់តែចម្រើន ឆ្លើយតបទៅនឹងការគាំទ្រជឿទុកចិត្តពីសំណាក់សប្បុរសជន មហាជន និងសិល្បករ សិល្បការិនីទូទៅ។
គួររំឭកថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ នៅអាណត្តិទី៦ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដែលត្រូវដឹកនាំសមាគមមួយនេះ ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៩។ បន្ទាប់ពីទទួលតំណែងជាប្រធានសមាគម ក្នុងចំណោមកិច្ចការអទិភាពជាច្រើន លោកជំទាវអ្នកឧកញ៉ា បានយកចិត្តទុកយ៉ាងខ្លាំង លើការរៀបចំឱ្យមានទីកន្លែងសមរម្យក្នុងការបំពេញការងារជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់សមាគមសិល្បករខ្មែរ ជាពិសេសបង្កលក្ខណៈងាយស្រួលជូនដល់សិល្បករ-សិល្បការិនី ដែលមានតម្រូវការសេវានានា៕





