ក្រុមហ៊ុនឥណ្ឌូណេស៊ី កំពុងសិក្សាបើកជើងហោះហើរមកកាន់ខេត្តសៀមរាប

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនឥណ្ឌូណេស៊ី កំពុងសិក្សាដើម្បីបើកជើងហោះហើរទៅកាន់ខេត្តសៀមរាប។ នេះជាការលើកឡើងរបស់ប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ សម្តេចតេជោ បានលើកឡើងថា កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង ៣៧ ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក។ កម្ពុជានិងឥណ្ឌូណេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងនៅក្របខណ្ឌទ្វេភាគី និងអាស៊ាន។

សម្តេចតេជោ បន្តថា ប្រទេសយើងទាំងពីរមានសហប្រតិបត្តិការល្អ ហើយសម្តេចសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរ ឱ្យខ្លាំងក្លាថែមទៀត ។

ពាក់ព័ន្ធនឹងជើងហោះហើរ លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានលើកឡើងថា បច្ចុប្បន្ននេះ ជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia មានជើងហោះហើរទៅកោះបាលី របស់ឥណ្ឌូណេស៊ី ឯក្រុមហ៊ុនឥណ្ឌូណេស៊ី ក៏កំពុងសិក្សាដើម្បីបើកជើងហោះហើរទៅខេត្តសៀមរាបផងដែរ។

គួរបញ្ជាក់ជូនផងដែរថា កន្លងមក កម្ពុជា-ឥណ្ឌូណេស៊ី ធ្លាប់បានជំរុញឲ្យមានការហោះត្រង់ឡើងវិញ និងកាន់តែច្រើនរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដោយបង្កើតជើងហោះហើរត្រង់ រវាងខេត្តសៀមរាប និង​កោះ​​បាលី ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរ និងពលរដ្ឋ​ប្រទេសទាំងពីរផងដែរ៕