៦ខែមកនេះ កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មី ១១៣គម្រោង ក្នុងតម្លៃ១ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងឆមាសទី១ ពោលគឺរយៈពេល៦ខែ ឆ្នាំ២០២៣នេះ កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១១៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១.១ប៊ីលានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២២ពាន់កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ១១៣នេះ គម្រោងចំនួន១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម, គម្រោងចំនួន៧ ស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, គម្រោងចំនួន៣ ស្ថិតនៅក្នុងវិស័យទេសចរណ៍ និងគម្រោងចំនួន១ ស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ។

គួរបញ្ជាក់ដែរថា ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួនគម្រោងវិនិយោគមានការកើនឡើងចំនួន ១៥គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួន១.៩ប៊ីលានដុល្លារ ដោយតែកាលពីឆមាសទី១ ឆ្នាំ២០២២ មានគម្រោងធំៗមួយចំនួនដូចជា៖ គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង នៅខេត្តកំពត ទុនវិនិយោគ ១.៣ប៊ីលានដុល្លារ, គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងតាតៃលើ ក្នុងទុនវិនិយោគ ៣៨៩លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ទុនវិនិយោគចំនួន ២៩៧លានដុល្លារ។

ជាងនេះទៀត តាមរយៈការអនុម័តគម្រោងខាងលើ ឃើញថា ការវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើង ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ និងឆ្នាំ២០២១ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការងើបឡើងវិញជាបណ្តើរៗក្នុងវិស័យនេះ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។នេះបើតាមការបញ្ជាក់បន្ថែមពីលោក សុខ ចិន្ដាសោភា៕