ប្រទេសនូវែលសេឡង់ កំពុងស្ថិតនៅក្នុងការពិចារណា ដាក់ចេញច្បាប់ហាមឃាត់ការបើកគណនីបណ្តាញសង្គម សម្រាប់កុមារដែលមានអាយុក្រោម ១៦ឆ្នាំ ជាមួយនឹងការផាកពិន័យជាទឹកប្រាក់ដល់ ១,២លានដុល្លារ សម្រាប់ក្រុមហ៊ុនណាដែលហ៊ានបំពានច្បាប់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បាននិយាយនៅថ្ងៃទី៦ ខែឧសភានេះថា ៖”វាដល់ពេលហើយសម្រាប់ប្រទេសនូវែលសេឡង់ ក្នុងការរទទួលស្គាល់ថា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយសង្គមអាចប្រភពដ៏ល្អមួយក៏ដោយ ប៉ុន្តែវានឹងមិនមែនជាកន្លែងសុវត្ថិភាពសម្រាប់យុវវ័យនោះឡើយ”។
យ៉ាងណាមិញ ប្រសិនបើច្បាប់ថ្មីនេះត្រូវបានអនុម័ត នោះក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ដែលប្រតិបត្តិការ នៅក្នុងប្រទេសនូវែលសេឡង់ និងត្រូវផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ ហើយនឹងមិនអនុញ្ញាតឲ្យមានការបង្កើតគណនីសម្រាប់មនុស្សដែលមានអាយុ ក្រោម ១៦ឆ្នាំនោះឡើយ។ ហើយប្រសិនបើក្រុមហ៊ុនណាមួយហ៊ានបំពានច្បាប់ អាចប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់ប្រមាណ ១,២លានដុល្លារ។
មិនតែប៉ុណ្ណោះ លោក Luxon បានសង្កត់ធ្ងន់ទៀតថា ៖”យើងត្រូវតែប្រកាន់យកវេទិកាទាំងនេះ ដោយការទទួលខុសត្រូវចំពោះការការពារកុមារ ដែលស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម ពីខ្លឹមសារដែលបង្កគ្រោះថ្នាក់ អំពើហិង្សាតាមអ៊ីនធឺណិត និងការរំលោភបំពាន។ ក្នុងនាមជាឪពុក ម្តាយ ខ្ញុំដឹងច្បាស់ថា យើងត្រូវតែធ្វើអ្វីបន្ថែមទៀតដើម្បីការពារកូនៗរបស់យើងពីគ្រោះថ្នាក់គ្រប់ប្រភេទ។ យើងមានវិធានការណ៍ដើម្បីការពារកុមារនៅក្នុងពិភពពិត ប៉ុន្តែយើងមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីការពារកុមារនៅក្នុងពិភពនិម្មិតនោះឡើយ។ ហើយនេះជាអ្វីដែលត្រូវតែផ្លាស់ប្តូរ”។
ជម្រាបជូនផងដែរថា វាហាក់នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេថា ច្បាប់ថ្មីនេះ នឹងត្រូវចូលជាធរមាននៅពេលណា ខណ:ពេលដែលលោក Luxon បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ច្បាប់នេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកសភានូវែលសេឡង់ទាំងអស់៕

