អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា គ្រោងនឹងប្រកាសដាក់ឱ្យដំណើរការជើងហោះហើរកម្សាន្តលើផ្ទៃសមុទ្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។

ជើងហោះហើរលើអាកាសថ្មីនេះ គឺគ្រប់គ្រងដោយក្រុមហ៊ុន Vet Airways ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស។ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៦ ខែឧសភានេះ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហោះរូបភាពជាមួយយន្តហោះ នៅព្រលានយន្តហោះអន្តរជាតិតារាសាគរ ខេត្តកោះកុង ជាមួយសារបែបនេះថា”ស្រោចទឹកយូរទៅធំហើយ! ជួបគ្នាឆាប់ៗការហោះហើរកម្សាន្តលើផ្ទៃសមុទ្រកម្ពុជា។ វីរ:ប៊ុនថាំដើម្បីទេសចរណ៌កម្ពុជា”។
អ្នកឧកញ៉ា សួរ វីរៈ ជាអ្នកជំនួញពហុវិស័យមួយរូប តែងមានភាពច្នៃប្រឌិត និងគិតពីផលប្រយោជន៍សម្រាប់សង្គមជាតិ។ គោលដៅធំបំផុតរបស់អ្នកឧកញ៉ា គឺចូលរួមបង្កើតផលិតផលទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ជួយលើកកម្ពស់ជីវភាពរបស់ប្រជាជន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសតជាង១០កន្លែង ខណៈដែល រីសតស្រស់ស្អាតចំនួន ០៤កន្លែង នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង រួមមាន៖ ១.កោះស្តេចរីសត(Koh Sdach Resort) ២.កោះអភិជនរីសត(Koh Apikjun Resort) ហើយ ៣.ម៉េតម៉ាងឃី រីសត(Mad Monkey Resort) ៤.រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ(Royal Beach Resort & Residence by EHM)៕

