ទីបំផុតការប៉ះទង្គិចទ្រង់ទ្រាយធំមួយបានកើតឡើងហើយ បន្ទាប់ពីឥណ្ឌា បានបើកការវាយប្រហារតាមផ្លូវអាកាស ដោយបាញ់មីស៊ីលទៅកាន់ទីតាំង ៩កន្លែងនៅក្នុងទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន ខណៈរដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានអះអាងវិញថា ខ្លួនក៏បានបាញ់ទម្លាក់យន្តហោះយោធារបស់សត្រូវចំនួន ៥គ្រឿងនៅតាមព្រំដែន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ឥណ្ឌា បានប្រកាសនៅព្រឹកព្រលឹមថ្ងៃទី៧ ខែឧសភានេះថា ខ្លួនបានចាប់ផ្តើមយុទ្ធនាការយោធាមួយសំដៅទៅលើគោលដៅយ៉ាងហោចណាស់ ៩កន្លែង នៅតំបន់កាស្មៀដែលគ្រប់គ្រងដោយប៉ាគីស្ថាន និងនៅលើទឹកដីប៉ាគីស្ថាន ដោយចាត់ទុកទីនោះបាញ់ប្រហារនោះថាជា “ហេដ្ឋារចនាសម្ព័ន្ធភេរវករ”។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា៖” ជំហានទាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មដ៏ឃោរឃៅនៅ Pahalgam ដែលបានធ្វើឲ្យប្រជាជនឥណ្ឌា ២៥ នាក់ និងនេប៉ាល់ម្នាក់បានស្លាប់” ។
យ៉ាងណាមិញ ខណៈពេលដែលឥណ្ឌា បានអះអាងថាខ្លួនបានវាយលុកលើគោលដៅចំនួន ៩កន្លែងនោះ ប៉ុន្តែខាងភាគីប៉ាគីស្ថាន បានបញ្ជាក់ថាទីតាំងត្រឹមតែ ៦កន្លែងប៉ុណ្ណោះ ត្រូវបានវាយប្រហារ ដោយក្នុងនោះរួមទាំងទីតាំងនៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន និងទីតាំងនៅក្នុងខេត្តភាគខាងកើតនៃរដ្ឋ Punjab។
រដ្ឋាភិបាលប៉ាគីស្ថាននិយាយទៀតថាវិហារអ៊ីស្លាមពីរត្រូវបានគេកំណត់ជាគោលដៅវាយប្រហារ។ ក្នុងការប៉ះទង្គិចនោះមនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់ ៣៥នាក់របួស និង២នាក់បាត់ខ្លួន ។
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បាននិយាយថា គោលដៅវាយប្ររហាររបស់ឥណ្ឌាទាំងអស់ គឺជាកន្លែងសម្រាប់ជនស៊ីវិល មិនមែនជាកន្លែងក្រុមសកម្មប្រយុទ្ធនោះទេ។ លោកបានច្រានចោលការអះអាងរបស់ក្រុងញូវដែលី ដែលលើកឡើងថាការវាយប្រហារនោះ គឺមានគោលដៅទៅលើ “ជំរំភេរវជន”៕

