ឥណ្ឌា បើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបាញ់មីស៊ីលស្រោចលើទីក្រុងជាច្រើនរបស់ប៉ាគីស្ថាន

អន្តរជាតិ

ទីបំផុតការប៉ះទង្គិចទ្រង់ទ្រាយធំមួយបានកើតឡើងហើយ បន្ទាប់ពីឥណ្ឌា បានបើកការវាយប្រហារតាមផ្លូវអាកាស ដោយបាញ់មីស៊ីលទៅកាន់ទីតាំង ៩កន្លែងនៅក្នុងទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន ខណៈរដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានអះអាងវិញថា ខ្លួនក៏បានបាញ់ទម្លាក់យន្តហោះយោធារបស់​សត្រូវ​ចំនួន ៥គ្រឿងនៅតាមព្រំដែន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឥណ្ឌា បានប្រកាសនៅព្រឹកព្រលឹមថ្ងៃទី៧ ខែឧសភានេះថា ខ្លួនបានចាប់ផ្តើមយុទ្ធនាការយោធាមួយសំដៅទៅលើគោលដៅយ៉ាងហោចណាស់ ៩កន្លែង​ នៅតំបន់កាស្មៀដែលគ្រប់គ្រងដោយប៉ាគីស្ថាន និងនៅលើទឹកដីប៉ាគីស្ថាន ដោយចាត់ទុកទីនោះបាញ់ប្រហារនោះថាជា “ហេដ្ឋារចនាសម្ព័ន្ធភេរវករ”។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា៖” ជំហានទាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មដ៏ឃោរឃៅនៅ Pahalgam ដែលបានធ្វើឲ្យប្រជាជនឥណ្ឌា ២៥ នាក់ និងនេប៉ាល់ម្នាក់បានស្លាប់” ។

យ៉ាងណាមិញ ខណៈពេលដែលឥណ្ឌា បានអះអាងថាខ្លួនបានវាយលុកលើគោលដៅចំនួន ៩កន្លែង​នោះ ប៉ុន្តែខាងភាគីប៉ាគីស្ថាន បានបញ្ជាក់ថាទីតាំងត្រឹមតែ ៦កន្លែងប៉ុណ្ណោះ ត្រូវបានវាយប្រហារ ដោយក្នុងនោះរួមទាំងទីតាំងនៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន និងទីតាំងនៅក្នុងខេត្តភាគខាងកើតនៃរដ្ឋ Punjab។

រដ្ឋាភិបាល​ប៉ាគីស្ថាន​និយាយ​ទៀតថា​វិហារ​អ៊ីស្លាម​ពីរ​ត្រូវ​បាន​គេ​កំណត់​ជាគោលដៅវាយប្រហារ។ ក្នុងការប៉ះ​ទង្គិច​នោះមនុស្ស​យ៉ាង​ហោច​ណាស់ ​៨​នាក់​បាន​ស្លាប់ ៣៥​នាក់​របួស និង​២​នាក់​បាត់​ខ្លួន ។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បាននិយាយថា គោលដៅវាយប្ររហាររបស់ឥណ្ឌាទាំងអស់ គឺជាកន្លែងសម្រាប់ជនស៊ីវិល មិនមែនជាកន្លែងក្រុមសកម្មប្រយុទ្ធនោះទេ។ លោក​បាន​ច្រានចោល​ការ​អះអាង​របស់​ក្រុង​ញូវដែលី ដែល​លើកឡើងថា​ការ​វាយ​ប្រហារ​នោះ គឺ​មាន​គោល​ដៅ​ទៅ​លើ “ជំរំ​ភេរវជន”៕