ក្រុមហ៊ុនអាកាសចរណ៍ធំៗ កំពុងហោះហើរគេចពីដែនអាកាសប៉ាគីស្ថាន ខណ:ភាពតានតឹងជាមួយឥណ្ឌាកាន់តែក្តៅ

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនកំពុងចៀសវាងការហោះហើរលើប្រទេសប៉ាគីស្ថាន ខណ:ពេលដែលភាពតានតឹងជាមួយប្រទេសឥណ្ឌា កំពុងធ្លាក់ចូលទៅក្នុងរណ្តៅភ្លើងសង្គ្រាម បន្ទាប់ពីឥណ្ឌា បានបើកការវាយប្រហារដោយបាញ់គ្រាប់មីស៊ីលស្រោចទៅលើប៉ាគីស្ថាន ក្នុងតំបន់ ៩ ទីតាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនអាកាសចរណ៍ Air France បាននិយាយថា ខ្លួនបានផ្អាកការហោះហើរលើប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ រហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែ “ការវិវត្តនៃភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន” ។

មិនតែប៉ុណ្ណោះ Air France បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ CNN ​ថា៖”យើងកំពុងកែសម្រួលកាលវិភាគ និងផែនការហោះហើររបស់យើង ទៅកាន់គោលដៅជាក់លាក់ និងចាកចេញពីគោលដៅជាក់លាក់”។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ក៏បានបញ្ជាក់ប្រាប់ Reuters ថា ខ្លួនកំពុង គេចចេញពីដែនអាកាសប៉ាគីស្ថានដូចគ្នា រហូតដល់មានការជូនដំណឹងថ្មីៗបន្ថែម។

គួរឲ្យដឹងថា ការរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសនេះ បានកើតឡើង ពោលគឺត្រឹមពីរសប្តាហ៍បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន បានសម្លាប់ជនស៊ីវិល ២៦ នាក់ដែលភាគច្រើនជាភ្ញៀវទេសចរ នៅក្នុងទីក្រុង Pahalgam ក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា ហើយហេតុការណ៍នេះ បានបង្កឲ្យមានកំហឹងរីករាលដាលឡើង។

រំឭកផងដែរថា ទាំងប៉ាគីស្ថាន និងឥណ្ឌា បានបិទដែនអាកាសរបស់ពួកគេរួចហើយចំពោះយន្តហោះរបស់គ្នាទៅវិញទៅមក ចាប់តាំងពីការវាយប្រហារមក ប៉ុន្តែភាពតានតឹងបន្ថែមទៀតបានកើនឡើង ដោយឥឡូវនេះកំពុងប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗផ្សេងទៀត។

ជម្រាបជូនថា យោងតាមទិន្នន័យតាមដានការហោះហើរបានបង្ហាញពីជើងហោះហើរមួយចំនួនរបស់ British Airways, Swiss International Air Lines និង Emirates បានធ្វើដំណើរលើសមុទ្រអារ៉ាប់ ហើយបន្ទាប់មកបត់ខាងជើង ឆ្ពោះទៅកាន់ទីក្រុង Delhi ដើម្បីគេចពីដែនអាកាសប៉ាគីស្ថាន។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters៕