ក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផលខ្មែរនៅជប៉ុន ដើម្បីជំរុញទីផ្សារនាំចេញបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយអនុព័ន្ធពាណិជ្ជកម្មកម្ពុជា បានចូលរួមរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ នាទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរនៅជប៉ុន និងជំរុញទីផ្សារនាំចេញផលិតផលខ្មែរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការតាំងបង្ហាញផលិតផលខ្មែរ បានធ្វើឡើងចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥  ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម ព្រមទាំងតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ស្ថានតំណាងបរទេសនានានៅជប៉ុន ក្រសួង-ស្ថាប័នជប៉ុនពាក់ព័ន្ធ ក្រុមហ៊ុនឯកជនកម្ពុជានិងជប៉ុន បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ សរុបប្រមាណជាង ១០ម៉ឺននាក់។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ និងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវបរទេស តាមរយៈការសម្តែងសិល្បៈចម្រុះ តន្រ្តីបុរាណសម័យ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងគម្រោងវិនិយោគនានា ព្រមទាំងតាំងបង្ហាញនូវផលិតផលសក្តានុពលខ្មែរ និងម្ហូបអាហារខ្មែរ និងសកម្មភាពផ្សព្វផ្សាយអំពីប្រទេសខ្មែរជាច្រើនទៀត ដោយមានការចូលរួមផ្សព្វផ្សាយពីបណ្តាញទូរទស្សន៍ល្បីរបស់ជប៉ុន TBS ផងដែរ។

សូមជម្រាបថា នៅកម្មវិធីនេះ ក៏មានក្រុមហ៊ុនឯកជនកម្ពុជា ចំនួន ៣ ចូលរួមតាំងបង្ហាញផលិតផលខ្មែរ គឺក្រុមហ៊ុន K.C.C.V Plantation ក្រុមហ៊ុន S.E.A.T.S Inc. អង្គការ SAORI និងក្រុមហ៊ុនឯកជនជប៉ុន ចំនួន ២ទៀត មកពីមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងអាតស៊ូហ្គិ និងក្រុមហ៊ុន KOJIMA Holdings Group ។ក្រុមហ៊ុនទាំងនេះ បានតាំងបង្ហាញនូវផលិតផលសក្តានុពលខ្មែរសំខាន់ៗ ដូចជា៖ អង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត អំបិលកំពត ជ្រក់ម្រេច ដំណាប់ស្វាយ កាហ្វេមណ្ឌលគិរី ស្ករត្នោត ស្រាសខ្មែរ ស្រាបៀរអង្គរ ផលិតផលសិប្បកម្មតម្បាញ ក្រមាខ្មែរ និងវត្ថុអនុស្សាវរីយ៍ធ្វើពីក្រមាខ្មែរ ។ល។ ដើម្បីផ្សព្វផ្សាយជំរុញទីផ្សារក្នុងប្រទេសជប៉ុន និងស្វែងរកដៃគូនាំចេញនាំចូលផលិតផលខ្មែរបន្ថែមទៀត៕ អត្ថបទ៖ ហ្សាលីន