លោក ហេង សួរ លើកទឹកចិត្តយុវជន ស.ស.យ.ក. ឱ្យធ្វើជាអ្នកផ្សព្វផ្សាយកម្មវិធី TVET ដើម្បីជួយពន្លឿនការអភិវឌ្ឍ​កម្លាំងពលកម្មកម្ពុជា និងសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អនុប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រដ្ឋ និងឯកជន ចំណុះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពី «ការធ្វើបរិវត្តកម្មកម្លាំងពលកម្មកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០» កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជាង ១ពាន់នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ហេង សួរ បានលើកឡើងថា ផ្អែកលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងស្ថិរភាពន​យោបាយដ៏រឹងមាំ រាជរដ្ឋាភិបាល​ នីតិកាល​ទី៧ បានដាក់ចេញនូវ «យុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋាន​គ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ ដោយបានកំណត់យកការពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលទាំងជំនាញរឹង និងជំនាញទន់ ការបង្កើតការងារឱ្យកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនប្រជាជនកម្ពុជា ជាពិសេសយុវជន។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តកម្មវិធី អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់។ កម្មវិធីនេះមិនត្រឹមតែផ្តល់ជំ​នាញវិជ្ជាជីវៈពិតប្រាកដដល់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសការងារ និងប្រាក់ចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសារផងដែរ។

បើតាម លោក ហេង សួរ កម្មវិធី TVET គឺជាស្ពានសម្រាប់ចម្លងយុវជនទៅកាន់ទីផ្សារការងារបានឆាប់រហ័ស និងជាកម្លាំងជំរុញដ៏សំ​ខាន់ក្នុងការអនុវត្តគោលការណ៍ «ពលរដ្ឋម្នាក់​មានជំនាញមួយយ៉ាងតិចប្រ​ចាំជីវិត» និងបំប្លែងរចនាសម្ព័ន្ធកម្លាំងពលកម្មកម្ពុជាពីកម្លាំងពលកម្ម​ផ្អែកលើពលកម្ម ទៅជាកម្លាំងពលកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលអាចប្រ​កួតប្រជែង​ទាំងក្នុងតំបន់ និងពិភពលោក។ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូក៏កំពុងធ្វើកំណែរទម្រង់ និងបរិវត្តកម្មប្រព័ន្ធ TVET ជំនាន់ថ្មី ដោយបានសម្រួចខ្លាំងទៅលើសញ្ញាបត្រ បច្ចេកទេសជាន់ខ្ពស់ និងបរិញ្ញាបត្របច្ចេកទេសដែលគាំទ្រដល់វិស័យកមន្តសាល សំណង់ កសិកម្ម-ឧស្សាហកម្ម និងសេវាកម្ម ព្រមទាំងបានកំពុងដាក់ជាកាតព្វកិច្ចនូវកម្មវិធីជំនាញមូលដ្ឋាន ឌីជីថល, បញ្ញាសិប្បនិម្មិត (AI), ទស្សនទានស្វ័យប្រវត្តិកម្ម និងរ៉ូបូត (Automation and Robotics) និងជំនាញទន់ ដូចជាការគិតបែបស៊ីជម្រៅ ការទំនាក់ទំនង ការធ្វើការ​ងារជាក្រុម ការគោរពវិន័យ និងការសម្របខ្លួនទៅនឹងបរិស្ថានការងារទៅក្នុងគ្រប់កម្មវិធីសិក្សា។