១១ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-តួកគី សម្រេចបាន ១៣៦.១៤៩ លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបាន ៤៦២,៦៣លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ(២០១៧-២០២១)។ ចំណែក ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២ សម្រេចបានរហូតដល់ ១៣៦.១៤៩ លានដុល្លារអាមេរិក ដែលកើនឡើង ៦៣.៦% បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២១។

ក្នុងនោះ កម្ពុជានាំចេញមុខទំនិញ ទៅ តួកគី ដូចជា៖ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ ។ល។ ដោយឡែកការនាំចូលទំនិញពីតួកគី មានដូចជា៖ ម៉ាស៊ីន កប្បាស ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា។

កាលពីដើមឆ្នាំ២០២២កន្លងទៅ កម្ពុជា-តួកគី​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​លើក​ទី​ ៣ សំដៅ​ស្វែងរក​សកម្មភាព​ជាក់ស្តែង​ដើម្បី​សម្រេច​ឱ្យបាន​ដល់​គោលដៅ​ចំនួន ១ ​ពាន់​លាន​ដុល្លារ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យស្រប​តាម​សក្តានុពល​សេដ្ឋកិច្ច​ដែលមាន​នៅក្នុង​ប្រទេស​ទាំង​ ២​។

នាពេលកន្លងមកភាគី​ទាំង ​២​ ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ ការកិបកេង​បន្លំ​ពន្ធ​​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។

សូមបញ្ជាក់ថា តួកគី គឺជា​ដៃគូ DTA ទី​ ១ ដែល​កម្ពុជា​មាន​ជាមួយ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​ក៏​ជា​សមាជិក G 20 ​ទី​ ៤ ​ដែល​កម្ពុជា​មាន DTA ជាមួយ​ផងដែរ​៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព