សមាគមអ្នកចិញ្ចឹមសត្វកម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះបានសម្តែងការពេញចិត្តជាខ្លាំង ចំពោះវិធានការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីប្រទេសថៃ បាននិងកំពុងផ្ទុះនូវជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វគោ ក្របីស្ថិតក្នុងតំបន់មួយចំនួន។ ការហាមឃាត់របស់ក្រសួងកសិកម្មនេះត្រូវបានសមាគមចាត់ទុកថាជាវិធានការដ៏មានប្រសិទ្ធភាពបំផុតដើម្បីការពារវិស័យចិញ្ចឹមសត្វក្នុងស្រុកចៀសផុតពីហានិភ័យពីការរីករាលដាលឆ្លងជំងឺអង់ត្រាក់នេះមកកាន់កម្ពុជា។

បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា,យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាភិបាល ជាថ្នាក់ដឹកនាំ និងជាសមាជិកសមាជិកានៃ សមាគមអ្នកចិញ្ចឹម សត្វកម្ពុជា មានសេចក្តីត្រេកអរជាខ្លាំង និងសូមសម្តែងនូវការគាំទ្រទាំងស្រុងដែល រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវវិធានបង្ការ “ដោយអនុវត្តការហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៥ នេះតទៅ ដើម្បីបង្ការជម្ងឺឈាមខ្មៅ ឬជម្ងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុង តំបន់មួយចំនួននៃប្រទេសថៃ។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានចាត់ទុកថា “ការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃ ប្រទេសថៃ ជាវិធានការណ៍ដ៏មានប្រសិទ្ធភាពបំផុត ដើម្បីការពារវិស័យចិញ្ចឹមសត្វនៅកម្ពុជាឱ្យចៀសផុតពីហានិភ័យ ការឆ្លងរាលដាលនៃជម្ងឺ និងក៏ធានាបាននូវសុខភាពពលរដ្ឋ សុខសុវត្ថិភាព និងសុខុមាលភាពសង្គមនៅក្នុងព្រះរាជា ណាចក្រកម្ពុជាផងដែរ”។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ស្តីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃបានឱ្យដឹងថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺរអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។
សេចក្តីប្រកាសព័ត៌មានខាងលើបានគូសបញ្ជាក់ថា “បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យរអនុវត្តការហាមឃាត់ជាបណ្តោះរវាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះ ដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់”។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់ រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។ ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់៕ SL



